ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូម្នាក់ឯងដួលផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែបុរសម្នាក់ដែលគេសង្ស័យថាស្រវឹងស្រាជោគជាំ បានបើកម៉ូតូម្នាក់ឯងបណ្ដាលឲ្យដួលបោកទៅនិងថ្នល់ផុងលលាដ៍ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្រ្តី តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ភូមិទី៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សាកសពឈ្មោះយ៉ន ម៉េងស៊ង់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្កលិកក្រុមហ៊ុន ជិះម៉ូតូមួយគ្រឿងម៉ាក់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FE-8015 ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងក្នុងសភាពស្រវឹងស្រាជោគជាំ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុខាងលើ នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្រ្តី ស្រាប់តែដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ បណ្ដាលឲ្យផុងលលាក្បាលស្លាប់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរ ចុះមកធ្វើការវាស់វែងរួច ម៉ូតូនិងសាកសពត្រូវបានក្រុមគ្រួសារយកទៅរក្សាទុកនិងធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕ ស ដារ៉ា

img_1456


ចែករំលែក៖