ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយសារបុរសម្នាក់បើករថយន្តម៉ែកសឺដេសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបួងចង្កូតមិនផុតបុករឺម៉កកង់បីពីក្រោយពេញទំហឹងរុញខ្ទប់ដើមឈើគៀបជាប់ទៅមុខលែងរួចចំណែកម្ចាស់រ៉ឺម៉កលោតចូលក្នុងរឺម៉ករងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរ៉ឺម៉កកង់បីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចហួសស្តុបសន្ធរម៉ុកបន្តិច ស្រាប់តែមានរថយន្តម៉ាក ម៉ែកសឺដេសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 D 6611 បើកបរដោយបុរសម្នាក់វ័យប្រហែល៥០ឆ្នាំម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតពេលមកដល់ស្តុបសន្ធរម៉ុក ក៏បានបួងចង្កូតទៅត្បូងជ្រុលបុករ៉ឺម៉កពេញទំហឹងរុញខ្ទប់ និងដើមឈើគៀបជាប់តែសំណាងល្អ ដោយអ្នកបើកលោតចូលក្នុងរទេះរ៉ឺម៉កខាងក្រោយទាន់ពេលត្រូវរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងសម្របសម្រួលដោយភាគីខាងម្ចាស់រថយន្តទទួលខុសព្រមសងទៅលើម្ចាស់រ៉ឺម៉កចំនួន៨រយដុល្លារដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច៕ ព្រែកជ័យ