ព័ត៌មានទាន់ហេតុការណ៍៖

សត្វទូច និងសត្វព្រៃជាច្រើនកំពុងប្រឈមការផុតពូជ ដោយសារព្រានបរបាញ់លក់ឲ្យឈ្មួញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ប្រជាពលរដ្ឋជាច្រើនក្នុងខេត្ត តែងតែរិះគន់ដល់ជំនាញរដ្ឋបាលព្រៃឈើខេត្តថា គ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសសត្វព្រៃនោះទេ ទើបបណ្តាលឲ្យព្រានសម្លាប់សត្វព្រៃគ្រប់រូបភាព ដើម្បីយកមកលក់ឲ្យឈ្មួញ និងអាជីវករប្រកបមុខរបរលក់សាច់សត្វព្រៃ មុខដដែលៗ ធ្វើចរាចរណ៍លក់ពេញផ្សារសាមគ្គីខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដោយសមត្ថកិច្ចបានត្រឹមតែដើរមើលប៉ុណ្ណោះ មិនដែលឃើញបង្ក្រាបបានម្តងនោះទេ ។ រហូតទាល់តែមានអង្គការចុះមក បង្ក្រាបម្តងម្កាល ទើបមេព្រៃទាំងនោះធ្វើញាប់ដៃ ញាប់ជើង ប៉ុន្តែ ក្រោយពីបង្ក្រាបរួច ពួកអាជីករលក់សត្វព្រៃទាំងនោះ ដាក់លក់ដូចធម្មតា ជ្រកក្រោមម្លប់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដ៏កក់ក្តៅបំផុត ។

ជុំវិញរឿងនេះដែរ លោក ឌឹម ទួន ប្រធានអង្គការការពារអភិរក្សសត្វព្រៃ ព្រៃឈើ និងបរិស្ថានខេត្តបាននិយាយថា រាល់ការពាក់ព័ន្ធបទល្មើសសត្វព្រៃខាងលើនេះ គាត់ឃើញដាក់លក់ទាំងសត្វរស់ និងសត្វងាប់គ្រប់ប្រភេទ ពេញក្នុងផ្សារយ៉ាងអនាធិបតេយ្យ ធ្វើព្រងើយដូចបន្លែត្រីសាច់ធម្មតា ចំណែកមេព្រៃ មិនខ្ចីយកភ្នែកមើលផង ប្រហែលជាត្រូវរ៉ូវគ្នាអស់ហើយ មើលទៅ សូម្បីតែសត្វដ៏កម្រដូចជា សត្វប្រើស សត្វទន្សោង សត្វខ្ទីងសត្វស្វា និងសត្វតូចជាដើម។ល។

ហើយជាពិសេស ពេលគាត់ប្រទះឃើញបទល្មើសទាំងនោះ រាយការណ៍ទៅជំនាញ ដើម្បីសហការបង្ក្រាប ពុំដែលឃើញចុះមកទាន់ពេលវេលានោះទេ តែងតែឆ្លើយដាក់គ្នា ដេញពីមួយទៅមួយតែប៉ណ្ណោះ បើយ៉ាងនេះ តើសត្វព្រៃទៅជាយ៉ាងណា បើឈើនៅតែកាប់ ព្រាននៅតែបរបាញ់ អន្ទាក់នៅតែដាក់ មានរហូតដល់ទៅប្រើម៉ាស៊ីនឆក់ទៀត ក៏មានដែរ សមត្ថកិច្ច និងជំនាញនាំគ្នាដេកលក់ធ្វើមិនដឹង មិនឮយ៉ាងនេះ ។

គាត់បានសំណូមពរផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងអង្គការនានា ជួយទប់ស្កាត់បទល្មើសទាំងនេះផង និងសូមឲ្យមានការពិនិត្យមើលមន្ត្រីជំនាញក្នុង ខេត្តស្ទឹងត្រែងដូចជា: នាយខណ្ឌ នាយផ្នែក នាយសង្កាត់ ថ្នាក់ក្រោមផង ដែលកំពុងដើរមើលឈ្មួញ និងអាជីវករកស៊ីលក់សត្វព្រៃ នឹងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យយ៉ាងកាក់កប គ្រប់ទឹកសម្បើមណាស់ក្រៅពីប្រាក់ខែរបស់ពួកគាត់នោះ ៕ មាស សុផាត

whatsapp-image-2016-12-03-at-07-40-06 whatsapp-image-2016-12-03-at-07-40-11


ចែករំលែក៖