ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៦ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលទាំង១២ខណ្ឌសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល និង កម្លាំងនគរបាលខេត្តព្រះសីហនុបានធ្វើ សន្និសីទកាសែតពាក់ព័ន្ធនឹងក្រុមចោរប្លន់ប្រដាប់អាវុធដោយបង្ក្រាបបានចំនួន២ ក្រុមមានគ្នា១៥នាក់ចាប់តាំងពីថ្ងៃទី២រហូត ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ។
ការបង្ក្រាបទ្រង់ទ្រាយធំនេះកើតឡើងបន្ទាប់ពីមានសកម្មភាពប្លន់ប្រដាប់អាវុធ ឆក់ប្រដាប់អាវុធ និងអំពើចោរកម្មបានកើត ឡើងផ្ទួនៗស្ទើរជារៀងរាល់យប់ក្នុងរាជ ធានីភ្នំពេញហើយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំដាក់ផែនការយ៉ាងម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងនគរបាលពាក់ព័ន្ធបើកការស៊ើបអង្កេតនិងស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះឲ្យទាល់តែបាន ។
ក្នុងប្រតិបត្តិការបង្រ្កាបក្រុមចោរទាំង អស់ដោយមានការបញ្ជាពីលោកនាយឧត្តម សេនីយ៍ស្នងការ និងក្រោមការសម្រប សម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ ជាលទ្ធផលប្រតិបត្តិការនេះទទួលបានប្រកបដោយជោគជ័យ។ ដូច្នេះហើយទើបនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក្រុមចោរប្លន់ទាំង១៥នាក់ត្រូវបានយកមកបង្ហាញមុខជាសាធារណៈ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្រោមវត្តមានលោក អេង សោភា នាយការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោកអធិការរងទទួលផ្នែកយុតិ្ត ធម៌តាមបណ្ដាលខណ្ឌក្នុងរាជធានីភ្នំពេញទាំងអស់ផងដែរ ។
ក្នុងសន្និសីទកាសែតបង្ហាញមុខក្រុមចោរប្លន់ខាងលើនោះលោក អេង សោភា បានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់ ដែលត្រូវបានបង្ក្រាប បានជាបន្តបន្ទាប់នេះ មាន២ក្រុម ដោយក្រុមទី១ ជាក្រុមប្លន់ម៉ូតូ មានចំនួន១០នាក់ ក្នុងនោះខ្លះមានមុខរបរ មិនពិតប្រាកដ ខ្លះទៀតមានរបរជាបុគ្គលិក នៅណាហ្គាវើល និងជាអ្នកបើករថយន្ត និងមាន២នាក់ទៀតជា អ្នកទទួលផលចោរ កម្ម និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ផងដែរ ។
ដោយឡែកក្រុមទី២ធ្វើសកម្មភាពដោយ ប្រើអាវុធភ្ជង់គំរាមប្លន់យកម៉ូតូយកទូរស័ព្ទដៃ និងសម្ភារផ្សេងៗទៀតមានគ្នា៥នាក់។
លោក អេង សោភា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន១៧គ្រឿង កាំភ្លើងខ្លី២ដើមម៉ាកកា៥៤ គ្រឿង ញៀន៧១កញ្ចប់ ក្នុងនោះមាន៤៤កញ្ចប់ធំ ស្លាកលេខម៉ូតូចំនួន៨បន្ទះ ដាវសាមូរ៉ៃ១ កាំបិតប័ុងតោ១ និងទូរស័ព្ទដៃ១គ្រឿង ផងដែរ ។
ដោយឡែកបើយោងតាមរបាយការណ៍ របស់សមត្ថកិច្ចក្រុមចោរទាំង២ក្រុមនេះ បានធ្វើសកម្មភាពប្លន់ចំនួន១៣ករណី នៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅសង្កាត់ច្បារ អំពៅ១ ខណ្ឌច្បារអំពៅ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ ទួលគោក នៅសង្កាត់បឹងកក់២ ខណ្ឌទួល គោក នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ ចំការមន នៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក និងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
ម៉ូតូដែលក្រុមចោរប្លន់ទាំង១៣ករណី ខាងលើនេះរួមមាន ZOOMER-X ១៣ គ្រឿង ។ ដោយឡែកម៉ូតូដែលដកហូតបាន រួមមាន ម៉ាក Nex, Scoopy, Duke, PCX, Click, Wave និង Honda C125 ។
លោក អេង សោភា ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះក្នុងអំពើប្លន់ ប្រដាប់អាវុធនេះសូមមកពិនិត្យមើលម៉ូតូ របស់ខ្លួននៅស្នងការដ្ឋានគរបាលរាជធានី ភ្នំពេញដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធដើម្បីទទួលយកត្រឡប់ទៅវិញ ៕ ស តារា