ភ្នំពេញ: អនុរក្សពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី បាននាំខ្លួនលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ដើម្បីជំនុំជម្រះបទល្មើសករណីបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប។
លោក នី ចរិយា បាននិយាយនាពេលសវនាការ ថា លោក ពុំបានបរិហារកេរ្តិ៍មន្ត្រីតុលាការខេត្តសៀមរាបទាំងពីររូប ដូចការចោទប្រកាន់នោះទេ ។ ប៉ុន្តែ តំណាងមហាអយ្យការ នៅតែរក្សាបទចោទប្រកាន់នេះទុកជាបានដដែល ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល សាលាឧទ្ធរណ៍សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះវិញ ។
គួររំលឹកថា លោក ឃី ឆៃ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និង បច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដាក់ពន្ធនាគាររយៈពេល៦ខែនិងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប ។
លោក នី ចរិយា ជាប់ចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ បទប្តឹងបរិហាបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនិង អត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ ។
បច្ចុប្បន្នលោកនី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ ផងដែរ ៕ ចេស្តា