ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើឃាតខ្ងួនឯងដោយចងក សម្លាប់ខ្លួន ព្រោះតែមានវិបត្តិសេដ្ឋកិច្ចក្នងគ្រួសារ ដល់ថ្ងៃសូត្រមន្តចូលរោងការកូនស្រី តែគ្មានលុយសម្រាប់ចាត់ចែងក្នុងពិធីនេះ ដែលជាហេតុធ្វើឲ្យរោងការកូននេះក្លាយជារោងបុណ្យសពឪពុកទៅវិញ។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើលនៅម៉ោងប្រហែល៧ព្រឹកនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាកសពបុរសខាងលើ ឈ្មោះ នន់ សុខជា អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមប្រភពពត៌មានពីក្រុមគ្រួសារសពបានឲ្យដឹងថា កន្លងមកថ្មីៗនេះជនរងគ្រោះ (សាកសព)បានត្អូញត្អែរពីការពិបាកចិត្ត ក្នុងរឿងជំពាក់លុយបងប្អូនផង និងជំពាក់លុយធនាគារ Amk ផងសរុបប្រមាណជា២ម៉ឺនដុល្លារ ដោយរកប្រាក់ចំណូលមិនបាន ហើយម៉្យាងដល់ថ្ងៃរៀបមង្គលការកូនស្រីទៀតផង លុះដល់ព្រលប់ថ្ងៃទី០៦ ខែធ្នូ ជាថ្ងៃដល់ពេលធ្វើរោងសូត្រមន្តរៀបមង្គលការកូនស្រីទី៤ ក៏លួចដើរគេចពីផ្ទះតាំងពីព្រលប់ រហូតដល់ភ្លឺមិនឃើញ ក៏នាំគ្នាដើររកទើបប្រទះឃើញគាត់ចងក សម្លាប់ខ្លួនឯងនៅលើដើមព្រីង ដោយប្រើក្រមា នៅចម្ងាយប្រហែល១គីឡូម៉ែត្រក្រោយភូមិជាតំបន់វាលស្រែ។
លោក អនុសេនីយ៍ឯក ញាន នន នាយប៉ុស្ត៍នគរបាល រដ្ឋបាលសង្កាត់ឃ្មួញ បានមានប្រសាសន៍ថា ករណីនេះជនរងគ្រោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងពិតមែន ដោយសារវិបត្តិអត់មានលុយរៀបមង្គលការកូនស្រីគាត់ ហើយឥឡូវ ពិធីមង្គលការត្រូវបានផ្អាក រោងការនោះបានក្លាយជារោងបុណ្យសពឪពុកវិញហើយ ៕ តុង សីហា