ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្មកែច្នៃឈើមួយកន្លែងនៅស្រុកថ្មគោលត្រូវបានអគ្គិភ័យឆេះអស់ទាំងព្រឹកព្រលឹម

ចែករំលែក៖

ខេត្តបាត់ដំបង៖ សិប្បកម្មកែច្នៃឈើ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ១២ម៉ែត្រ គុណ៨.៥ ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងព្រឹកព្រលឹម ខណៈដែលម្ចាស់ចាក់សោចោល ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សេចក្តីរាយការណ៍ឱ្យដឹងថាអគ្គិភ័យនោះមិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងរបួស រឺស្លាប់នោះឡើយ។អគ្គិភ័យកើតឡើងភ្លាមគ្មានអ្នកណាដឹងនោះទេ នៅពេលដែលភ្លើងឆាបឆេះឡើងអណ្តាតភ្លើងសន្ធោសន្ធៅទៅហើយទើបប្រជាពលរដ្ឋអ្នកជិតខាងបានឃើញ ហើយក៏មានការភ្ញាក់ផ្អើលឆោឡោឡើង ទើបមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកថ្មគោល ១គ្រឿង និងរថយន្តទឹកឯកជន១គ្រឿងសរុប២គ្រឿង ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងចំណាយពេលជិត២ម៉ោងទើបភ្លើងរលត់អស់ទាំងស្រុង។អគ្គិភ័យនេះដែរ មិនបង្កទៅរាលដាល់ឆាបឆេះផ្ទះអ្នកជិតខាងនោះទេ ដោយសារ សិប្បកម្មនោះស្ថិតក្នុងដីឡូត៍ដាច់ដោយឡែកតែឯង។

បើតាមប្រភពព័ត៌មានពីនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា សិប្បកម្មរងការឆាបឆេះមានម្ចាស់ឈ្មោះ ឈាង ធី ហៅក្តាម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ហើយមកជួលដីធ្វើរោងសិប្បកម្មកែច្នៃឈើនៅចំណុចខាងលើ។នៅពេលកើតហេតុម្ចាស់សិប្បកម្មមិននៅនោះទេ ចាក់សោចោល២ថ្ងៃមកហើយ ទៅដាក់ទ្វារផ្ទះឱ្យគេ នៅខេត្តបន្ទាយមានជ័យ ដោយមិនបិទគុបភ្លើងនោះឡើយ។

អគ្គិភ័យខាងលើ បើតាមការអង្កេតរបស់សមត្ថកិច្ចមូលហេតុបណ្តាលមកពីទុស្សសេខ្សែភ្លើងផ្តើមចេញពីចំណុចសសរកណ្តាលសិប្បកម្មកន្លែងគុបភ្លើង។ឧបករណ៍និងសម្ភារៈ រងការខូចខាតបាត់បង់ រួមមាន ឆេះរោងសិប្បកម្ម១ខ្នង ម៉ាស៊ីនច្រៀកឈើ១ឈុត ឈើកែច្នៃ៣ម៉ែត្រគូប សរុបជាទឹកប្រាក់ចំនួន៥,៥០០ដូល្លា៕ សំ វិច្ឆិកា

img_5243 img_5217 img_5219


ចែករំលែក៖