ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ផ្តន្ទា​ទោស​មនុស្ស​១០នាក់​ ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៥ឆ្នាំ​ទៅ​៩ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​​

ចែករំលែក៖

ភ្នំពេញ:សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ប្រកាសសាលក្រមផ្តន្ទាទោសមនុស្ស១០នាក់ ពាក់ព័ន្ធបទល្មើសរួមគំនិតក្បត់ ដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៩ឆ្នាំ ។ជនជាប់ចោទទាំង១០នាក់ ត្រូវបានចោទប្រកាន់ពីបទ ” រួមគំនិតក្បត់ ” តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទាំង១០នាក់ មានឈ្មោះ ឈុន ណាគង់ អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ មុខរបរកសិករ ឈ្មោះ ឈុន ឆាត អាយុ២៩ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល ឈ្មោះ ឡាត់ លីហេង អាយុ២២ឆ្នាំ មុខរបរកសិករ ឈ្មោះ ឆាយ វ៉ិច អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន ឈ្មោះ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ មុខរបរកសិករ ឈ្មោះ ចាន់ រ៉ា អាយុ២៣ឆ្នាំ មុខរបរកសិករ ឈ្មោះ អាន ចាន់ អាយុ៣៥ឆ្នាំ មុខរបរកសិករ និងឈ្មោះ ចាន់ ស្នា អាយុ២៧ឆ្នាំ មុខរបរកសិករ ។

នាសវនាការ កន្លងទៅ ពួកគេសារភាពថា ការចូលរួមចែកចាយសេចក្តីអំពាវនាវរបស់រណសិរ្សរំដោះជាតិខ្មែរ លិខិតអញ្ជើញចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវៀតណាម និងការចែកចាយមួកត្នោតដែលមានស្លាក រណសិរ្សរំដោះជាតិខ្មែរ នោះ គឺ ដោយសារចាញ់បោកអ្នកនយោបាយមួយចំនួន ពោលគឺ លោក សម សេរី ជាមេខ្លោងដែលកំពុងរត់គេចខ្លួន ។ ពួកគេសង្ឃឹមថា ប្រសិនបើតុលាការដោះលែងពួកគេ នោះ ពួកគេនឹងចូលរួមបម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

គួរបញ្ជាក់ថា សមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលបានបង្កើត និងដឹកនាំដោយឈ្មោះ សម សេរី ជាប្រធានកំពុងរត់គេចខ្លួននៅក្រៅប្រទេសហើយក៏ត្រូវសមត្ថកិច្ចប្រកាសឃាត់ខ្លួនផងដែរ ៕ ចេស្តា

ae


ចែករំលែក៖