ព័ត៌មានទាន់ហេតុការណ៍៖

សម្តីរបស់មន្ត្រីក្រសួង វប្បធម៌មួយឃ្លាល្មមធ្វើ ឲ្យដេនីក្វាន់ឆ្អែតបាយ​

ចែករំលែក៖

ភ្នំពេញ៖ ពាក្យ”ល្បីថ្លៃថ្នូរ និងល្បីមិនថ្លៃ ថ្នូរ”ត្រូវបានលោកថៃ នរៈសត្យា រដ្ឋាលេខាធិការក្រសួងវប្បធម៌បានលើកឡើងក្រោយលេចចេញការរិះគន់ជាថ្មីទៅលើរូបថត សិចស៊ីរបស់តារាសម្តែងស្រីដេនី ក្វាន់។ ការទម្លាយសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់មន្រ្តីខាងលើក្រោយពេលដែលលេចចេញការរិះគន់មួយចំនួនពីសំណាក់មហាជនទាក់ទិននឹងឥទ្ធិពល របស់ក្រសួងទៅលើសិល្បករខាងលើ។

កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ តារាសម្តែង ដេនី ក្វាន់បានបញ្ចេញរូបថតសិចស៊ីចំនួន៥សន្លឹកជាថ្មីដែលនាងទទួលបានទាំងការរិះគន់និងសរសើរ។រិះគន់ព្រោះតែគេគិតថានាងបានធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃជាស្ត្រីខ្មែរ ពិសេសបានផ្គើនទៅនឹងការណែនាំរបស់មន្ត្រីក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈកន្លងមក។ ការរិះគន់នេះក៏សំដៅទៅលើក្រសួងដែលគ្មានលទ្ធភាពក្នុងការទប់ស្កាត់ភាពសិចស៊ីជ្រុលហួសហេតុទៅលើសិល្បកររូបនេះផងដែរ។

តបទៅនឹងការរិះគន់លោក ថៃ នរៈ សត្យា បានលើកឡើងក្នុងសារអេឡិចត្រូនិកក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខ្ញុំយល់ថា ឥតមាននរណាម្នាក់ផ្គើនជាមួយខ្ញុំឡើយគឺគេផ្គើនចំពោះខ្លួនគេទៅវិញទេ !។ ខ្ញុំគ្រាន់តែបានបំពេញកិច្ចការតាម តួនាទីដោយពុំមានរង្គាសចិត្ត ហើយបែរជាកាន់តែអាណិតដល់អ្នកដែលចចេសទាំងឡាយទៅវិញដោយខ្ញុំយល់ថាការស្គាល់ ខ្លួនឯងច្បាស់ និងស្គាល់មហាជនច្បាស់ ទើបជាមនុស្សដែលយល់ដឹងពីតម្លៃនិង គុណតម្លៃរបស់ខ្លួន ព្រមទាំងកាលវេលាជាក់ស្តែងនៃសង្គមបរិយាកាសរស់នៅរបស់ ខ្លួន”។ លោករដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបន្តថា”ខ្ញុំក៏តែងតែបាននិយាយរួចហើយថា អ្នកប្រើសេរីភាព រហូតដល់អស់វានឹងអស់សេរីភាពប្រើអ្នកប្រើសេរីភាពហួសស្មើនឹងរំលស់សេរីភាព របស់ខ្លួនឲ្យកាន់តែសាបសូន្យទៅ។ ខ្ញុំគ្មានចេតនាចង់បៀតបៀននរណាម្នាក់ឡើយ ហើយគ្រាន់តែចង់ប្រាប់ថា ល្បីថ្លៃថ្នូរនិង ល្បីមិនថ្លៃថ្នូរតើសុភាពស្ត្រីនិងបុរសយើងគួរជ្រើសយកមួយណាប៉ុណ្ណោះ?”។

លោកបន្តថា”យើងខ្ញុំធ្វើការងារតាមវិជ្ជាជីវ: ដែលមានលិខិតបទដ្ឋានគតិយុត្តិនានាជាមូលដ្ឋាន ហើយក៏អបស្ទបជាមួយមនោសញ្ចេតនាផងដែរ ព្រោះយើងខ្ញុំយល់ថា ច្បាប់តែ ឯកឯងមិនអាចធ្វើអ្វីបានឡើយ ដូចនេះយើងនឹងយកក្រមសីលធម៌នៃអ្នកសិល្ប:ជាត្រីវិស័យគោលការណ៍គ្រឹះគួបផ្សំជាមួយសត្យានុម័តនៃក្រុមប្រឹក្សាវិន័យនិងក្រុមប្រឹក្សាពិន័យ ដើម្បីអនុវត្តការងាររបស់យើងឲ្យមានប្រសិទ្ធភាពចំពោះមុខរាជរដ្ឋាភិបាលនិងស្រទាប់មហាជននៃព្រះរាជាណាចក្រ កម្ពុជា”។

គេចាំបានដែរថា កាលពីចុងខែកញ្ញា ឆ្នាំ ២០១៦កន្លងទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំឲ្យមានកម្មវិធីសិក្ខាសាលាសាមតិបំពេញបន្ថែមលើសេចក្តីព្រាង “ក្រមសីលធម៌នៃអ្នកសិល្បៈ” ប្រយោជន៍ ឲ្យសិល្បករផលិតករដែលកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈវប្បធម៌ដែលបានប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌អ្នកសិល្បៈនឹងទទួលការពិន័យតាមរយៈការណែនាំ ស្តីបន្ទោសព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈឬផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈមួយ រយៈពេល។

គេនៅមិនទាន់ដឹងនៅឡើយទេថាតើតារាសម្តែងសិចស៊ីដែលធ្លាប់ឆ្លងកាត់ការអប់រំណែនាំពីមន្ត្រីក្រសួងវប្បធម៌ម្តងរួចមកហើយនេះនឹងត្រូវបានក្រសួងធ្វើចំណាត់ការបែបណា៕ វឌ្ឍនា

yn9a8173


ចែករំលែក៖