ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តប៉ៃលិនថា បណ្ដោយឲ្យអ្នកមានលុយ និងមានអំណាចនៅក្បែរព្រំដែនប្រទេសថៃ ក្នុងស្រុកសាលាក្រៅ កាយភ្នំយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប៉ុន្តែប្រធានមន្ទីរ បរិស្ថានខេត្តប៉ៃលិន បញ្ជាក់ថា មូលហេតុដែលអាជ្ញាធរមិនអាចទប់ស្កាត់បាន ដោយសារដីនោះជាកម្មសិទ្ធិស្របច្បាប់បុគ្គលទៅហើយ ។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើអាជ្ញាធរមិនបញ្ឈប់អ្នកមានលុយ និងមាន អំណាចរំលោភយកដីភ្នំទេ គឺមិនយូរឡើយ នឹងរលាយអស់ភ្នំ ហើយក្លាយទៅជារបស់កម្មសិទ្ធិឯកជនជាពុំខាន ។
មន្ត្រីសាលាខេត្តប៉ៃលិនម្នាក់បានមានប្រសាសន៍នៅថ្ងៃទី៦ ធ្នូ ថា មន្ត្រីទាហានមាន អំណាចម្នាក់ឈ្មោះ ហៀង ហុង នៅក្នុងខេត្តនេះបានយកគ្រឿងចក្រកាយភ្នំសារាវ៉ាន់ នៅតំបន់អភិវឌ្ឍន៍ផ្សារព្រំ នៃឃុំស្ទឹងកាច់ ស្រុកសាលាក្រៅយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន ។ លោកអះអាងថា រហូតមកទល់ពេល នេះពុំទាន់មានអាជ្ញាធរណាទប់ស្កាត់បាននៅឡើយ ។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនអះអាងថា អាជ្ញាធរក៏មានវិធានការទប់ស្កាត់បញ្ហានេះដែរ ក៏ប៉ុន្តែមិនអាច ដំណើរការទៅបានដោយសារដីភ្នំដែល កាយនោះ គឺជាដីឯកជនដែលមានបណ្ណ កម្មសិទ្ធិស្របច្បាប់ ។ លោកបន្ថែមថា ករណីនេះ គឺជាកំហុសរបស់អាជ្ញាធរមុនៗដែលបានចេញបណ្ណស្របច្បាប់ទៅឲ្យ ម្ចាស់ដី ។
ប្រជាពលរដ្ឋនិយាយថា កន្លងទៅ លោកធ្លាប់ស្នើទៅមន្ទីរបរិស្ថាន និងអាជ្ញាធរ ខេត្តមួយនេះ ដើម្បីឲ្យពិនិត្យមើលបណ្ណ កម្មសិទ្ធិអ្នកកាន់កាប់ដីភ្នំនោះឡើងវិញ ដែរ ក៏ប៉ុន្តែគ្មានដំណោះស្រាយ ។ នៅភ្នំ ក្បែរព្រំដែនថៃមួយនេះ បច្ចុប្បន្នមានអ្នក មានលុយ និងអំណាចប្រហែល៦នាក់ កំពុងដណ្ដើមគ្នាកាយភ្នំយកដី ហើយរហូត មកទល់ពេលនេះ អស់ដីទំហំប្រមាណជាង ១០ហិកតាហើយ ៕ ហេង នរិន្ទ្រ