ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១១នាក់ និងកំពុងសង្រ្គោះ៣៧នាក់ ដោយពុលស្រាស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ករណីពុលស្រាស នៅភូមិក្តុល ឃុំក្តុល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានអ្នកស្លាប់ចំនួន១១នាក់ និង ៣៧នាក់ទៀតកំពុងសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង ខណៈពេលដែលជនរងគ្រោះទៅកំដបុណ្យសព ហើយនាំគ្នាហូបស្រាស ហើយបានពុលស្លាប់ជាបន្តបន្ទាប់នៅមូលដ្ឋានចំនួន១០នាក់ ហើយជនរងគ្រោះទាំង១០នាក់នេះ មិនបានបញ្ជូនមកកាន់មន្ទីរពេទ្យទេ ។ ប៉ុន្តែករណីនេះ ទើបតែមានការភ្ញាក់ផ្អើល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដោយសារមានជនរងគ្រោះម្នាក់ ត្រូវបានគេបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន ដោយសារជនរងគ្រោះមានអាការៈធ្ងន់ពេក ។

លោកប្រាក់ វ៉ុន បានឲ្យដឹងថា ក្រោយពីមានករណីនេះមន្ទីរសុខាភិបាលខេត្តបានចាត់អោយមន្រ្តីចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និង បានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកុំអោយពិសាស្រាស ព្រមទាំងបានសហការជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងផលិតនិងចែកចាយស្រាសផងដែរ ។

លោកប្រាក់ វ៉ុនបានអោយដឹងទៀតថា គិតត្រឹមរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នេះមានអ្នកស្លាប់ដោយសារពុលស្រាសសរុបទាំងអស់ចំនួន១១នាក់ និង ចំនួន៣៧នាក់ទៀត កំពុងដឹកមកសង្រ្គោះជាបន្តបន្ទាប់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលក្នុងនោះ៤នាក់មានអាការៈធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំពោះសេវាការព្យាបាលខាងមន្ទីរពេទ្យជួយទាំងស្រុង មិនមានគិតថ្លៃពីអ្នកជំងឺឡើយ ។

ករណីនេះបើតាមការអះអាងរបស់មន្រ្តីនៃមន្ទីរសុខាភិបាលបានបញ្ជាក់កាស្លាប់កន្លងមកគឺដោយសារពុលស្រាស ប៉ុន្តែនៅពេលនេះមន្ទីរកាំកុងត្រូលបានយកស្រាទៅពិនិត្យនៅមន្ទីរពិសោធន៍ភ្នំពេញហើយ ។

នៅថ្ងៃនេះផងដែរ ក្រុមការងារចំរុះរបស់ខេត្តដឹកនាំដោយលោកហុងគឹមសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងរួមនឹងមន្រ្តីជំនាញ បានចុះប្រមូស្រាសនៅក្រុងកំពង់ឆ្នាំង ចំនួន៥ទីតាំង ដែលជាទីតាំងចែកចាយទៅជនបទ ៕ ចន្ថា

as-7 as as-1 as-2 as-3 as-4 as-5 as-6


ចែករំលែក៖