ខេត្តស្វាយរៀង៖ កម្មករ កម្មការនីរោងចក្រកាត់សំលៀកបំពាក់លូថៃរាប់ពាន់នាក់ បានធ្វើបាតុកម្ម ទាមទារឲ្យគណៈកម្មការកណ្តាលនិងមន្ទីរ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរកយុត្តិធម៌ជូនតំណាងសហជីពសហពន្ធ័សហជីពសិទ្ធិកម្មករខ្មែរម្នាក់ដែលរងគ្រោះដោយជនល្មើសវាយឲ្យរងរបួស ហើយកម្មករ កម្មការនីបានចោទប្រកាន់ថា មន្រ្តីក្រុមហ៊ុនលូថៃ ខេមបូឌា ជួលបុគ្គលិកឲ្យវាយតំណាងសហជីពក្នុងរឿងវិវាទការងារ ។ កម្មករ កម្មការិនីតវ៉ាទាមទារលក្ខខណ្ឌ១៦ចំណុចមិនទាន់ដោះស្រាយដល់កិច្ចព្រមព្រៀង និងសះជាគ្នានៅឡើយ ទើបកើតមានអំពើហិង្សាដោយកម្មករចោទថា មន្ត្រីក្រុមហ៊ុនលូថៃជួល បុគ្គលិកឲ្យវាយតំណាងសហជីព ។
ការធ្វើបាតុកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ដល់ម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខរោចក្រលូថៃ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្រោយពីធ្វើបាតុកម្មអស់រយៈពេលជាង៤ម៉ោងរួចមក ដំណោះស្រាយបានមួយចំនួន ខណៈកម្មករ កម្មការិនីបានធ្វើកូដកម្មមិនចូលធ្វើការ នាំគ្នាឡើងជិះរថយន្តត្រឡប់ទៅផ្ទះវិញ។
បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ការដែលនាំ ឲ្យមានផ្ទុះបាតុកម្មឡើង ដោយសារ មានជនសង្ស័យម្នាក់វាយទៅលើតំណាងសហជីពសិទ្ធិកម្មករខ្មែរម្នាក់ឲ្យរងរបួស ហើយកម្មករ កម្មការិនីបានចោទប្រកាន់ថា ក្រុមហ៊ុនលូថៃ ជាអ្នកនៅពីក្រោយរឿងនេះ ។
ជនរងគ្រោះមានឈ្មោះ ខឿន លីដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីសហជីពសហពន្ធ័សហជីពសិទ្ធិកម្មករខ្មែរប្រចាំនៅក្នុងរោងចក្រក្រុមហ៊ុនលូថៃ (ខេមបូឌា ) ។ រីឯជនសង្ស័យដែលជាជនបង្ក ឈ្មោះ មុំ តាំង ភេទប្រុស អាយុ៣៨ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនលូថៃ ទើបតែចូលធ្វើការបានមួយខែប៉ុណ្ណោះ មានទីលំនៅខេត្តកំពត ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ និងជនសង្ស័យ មិនដែលស្គាល់គ្នា ឬមានជម្លោះអ្វីឡើយ មុនកើតហេតុជនរងគ្រោះ ចេញពីកន្លែងធ្វើការ ដើរចូលទៅក្នុង បន្ទប់ទឹកដើម្បីបត់ជើងតូច ខណៈកំពុងសំអាតអនាម័យដៃក្នុងបន្ទប់ទឹក ស្រាប់តែជនសង្ស័យឈ្មោះ មុំ តាំង ដើរចូលទៅ ទាញជនរងគ្រោះរួចដាល់យ៉ាងសន្ធាប់ទៅលើដើមទ្រូងជនរងគ្រោះ ពីរបីដៃបណ្តាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះក៏ប្រឹងរត់ចេញមកក្រៅបន្ទប់ រួចស្រែកឲ្យគេជួយ ផ្អើលដល់កម្មករ កម្មការិនីរោងចក្ររត់ចេញមកជួយ ខណៈនោះសមត្ថកិច្ច ក៏ទៅដល់ភ្លាមៗដែរ ហើយបានហៅជនសង្ស័យ និងជនរងគ្រោះទៅសាកសួរនិងដោះស្រាយ ។
បើតាមលោកអ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ទទួលបន្ទុកការងារគ្រប់គ្រង វិវាទតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រុមហ៊ុនលូថៃ(ខេមបូឌា) ខូអឹលធីឌី មានកម្មករ និយោជិតសរុប១៧៧៩នាក់ហើយមានវិវាទការងារ រហូតមានផ្ទុះធ្វើកូដកម្ម ចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានកម្មការិនីចូលរួមធ្វើកូដកម្មចំនួន៩៤៣នាក់ ទាមទារលក្ខខណ្ឌ១៦ចំណុច ។ លទ្ធផល គឺសះជាបានជាច្រើន ចំណុចដែរ តែវិវាទការងារនៅតែបន្តដោះស្រាយ។
ចំពោះរឿងកម្មករចោទថា ក្រុមហ៊ុនជួល បុគ្គលិកឈ្មោះ មុំ តាំង វាយតំណាងសហជីព នោះមិនទាន់ដោះស្រាយបានទេ ។ ច្បាប់ក្រុមហ៊ុន បុគ្គលិកណាប្រព្រឹត្ត ខុសច្បាប់ ក្រុមហ៊ុនត្រូវបាន បញ្ឈប់ពីការងារហើយ ចំណែកឈ្មោះ មុំ តាំង ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឲ្យជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ចនគបាលទៅក្រុមហ៊ុនមិនលូកដៃទេ ហើយជនរងគ្រោះ រងរបួសក្រុមហ៊ុន ព្យួរការងាររយៈពេលមួយខែ ក៏ប៉ុន្តែកម្មករទាមទារ ឲ្យជនរងគ្រោះនៅធ្វើការដដែល និងឲ្យក្រុមហ៊ុនទទួលខុសត្រូវ និងបង់ថ្លៃព្យាបាល២០លានរៀល។
លោកអ៊ូ សាខឿនបន្តទៀតថា ចំពោះកម្មករចោទថា ក្រុមហ៊ុនជួលបុគ្គលិកឲ្យវាយតំណាងសហជីពនោះ ក្រុមហ៊ុនលូថៃបានបដិសេធន៍ ដូច្នេះដំណោះស្រាយមិនទាន់បានបញ្ចប់ទេ នឹងលើកទៅដោះស្រាយ នៅព្រឹកថ្ងៃចន្ទ ទី១២ ធ្នូ ២០១៦ ។ ចំណែកក្រុហ៊ុនលូថៃ ដែលជា ក្រុមហ៊ុនរោងចក្រកាត់ដេតសំលៀកបំពាក់ ដែលថៅកែជាជន ជាតិចិននោះ មិនអាចរកសុំការបំភ្លឺមិនបានទេ ដោយទូរសព្ទ័ចូលគ្មានអ្នកលើក៕ យឹម សុថាន