ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូថៅកែថាទៅកាត់សក់ បែរជាយកទៅបញ្ចាំ គេចខ្លួនបាន៦ថ្ងៃ ម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញះ ជនសង្ស័យម្នាក់ត្រូវថៅកែចាប់ប្រគល់ឲ្យ សមត្ថកិច្ច ក្រោយពីរូបគេបានខ្ចីម៉ូតូសណ្តោងរ៉ឺម៉កយកទៅបញ្ចាំហើយគេចខ្លួនបាន៦ថ្ងៃ ។ ការឃាត់ខ្លួនេះ បានធ្វើឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនជាប់ចោទខាងលើមានឈ្មោះ អឿន ធី ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរដើរទិញអេតចាយ ស្នាក់នៅផ្ទះជាមួយថៅកែ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកបាទី ខេត្តតាកែវ។

តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ផុន ឆវី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរថៅកែអេតចាយ មានទីលំនៅផ្ទះជួលផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គាត់បានទទួលឲ្យជនសង្ស័យមកធ្វើការ និងស្នាក់នៅជាមួយដោយអោយបើកម៉ូតូសណ្តោងរ៉ឺម៉កដើរទិញអេតចាយ ដោយឲ្យប្រាក់ខែ និងឲ្យបាយហូបត្រឹមត្រូវ លុះដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅពេលព្រឹកជនសង្ស័យបានខ្ចីម៉ូតូសណ្តោងរ៉ឺម៉កម៉ូតូ ម៉ាកសង់កូរ៉េថា ជិះទៅកាត់សក់ ហើយក៏ទៅបាត់រហូតរហូតមកដល់ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់ និងប្តីបានឃើញជនសង្ស័យកំពុងដើរតាមផ្លូវ១៩២៨ ស្ថិតក្នុងភូមិបាយ៉ាប ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីសាកសួរ។

តាមចម្លើយជនសង្ស័យ (ជនជាប់ចោទ) បានសារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាបានខ្ចីយកម៉ូតូរបស់ថៅកែជិះយកទៅបញ្ចាំពិតប្រាកដមែន ដោយបានតម្លៃ២០០ដុល្លារ ហើយខ្លួនបានយកលុយនោះទៅទិញថ្នាំញៀនជក់ និងលេងល្បែងបុកប៊ីយាអស់ហើយ ។

ដោយផ្អែកលើការប្រព្រឹត្តបទល្មើសជាក់ស្តែង និងគ្មានសំណងដោះដូរជាមួយជនរងគ្រោះ ទើបប៉ូលិសបានឃាត់ខ្លួនជនជាប់ចោទបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូចោទពីបទរំលោភទំនុកចិត្តឆបោកយកម៉ូតូទៅបញ្ចាំ ឬបង្កឲ្យបាត់បង់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី និងបញ្ជូនទៅតុលាកាចាត់ការបន្ត ៕ តុង សីហា

se se-1 se-2


ចែករំលែក៖