ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់យោធាម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងប្រជាពលរដ្ឋ០៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីករណីផ្សេងគ្នា ដោយរថយន្តបើកធ្លាក់ពីលើចំណោតភ្នំ និងបើកម៉ូតូបុកគោយន្តកន្រ្តៃ ។
ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យថា កាលពីវេលាម៉ោងប្រមាណ៤និង១៥នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចខាងក្រោមចំណោតយាយម៉ៅ ចម្ងាយប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក ដោយរថយន្តយោ ពណ៌ត្រេអ៊ី ០១គ្រឿង ដឹកសម្ភារកាកបាទក្រហម ចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅទីបញ្ជាការវរលេខ ៥០១ ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ដើម្បីចែកជូនដល់គ្រួសារកងទ័ព្ធ ប៉ុន្តែជាអកុសល់ទៅដល់ចំណុចចំណោទភ្នំខាងលើ ធ្វើឲ្យរថយន្តជួបឧបស័ក្រជាន់ហ្វាង់មិនស៊ី បណ្ដាលឲ្យរអិលបោកក្រឡាងច្រើនត្រឡប់ស្លាប់អ្នកបើកបរ ខណៈក្នុងរថយន្តនេះមានតែម្នាក់គាត់គត់។
ប្រភពព័ត៌មានខាងលើបន្តទៀថា ជនរងគ្រោះជាអ្នកបើកបរឈ្មោះ ជីង សុខន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធាកងអនុសេនាធំ(ដឹកជញ្ជូន) នៃកងពលតូចអន្តរាគមន៍លេខ ១៤ ចំពោះសាកសពក្រុមគ្រួសារនិងអង្កភាពបានយកទៅតំកល់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទីបញ្ជាកាកងពលតូចអន្តរាគមន៍លេខ ១៤ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ចំណែករថយន្តអង្កភាពកំពុងចាត់ចែង។
ដោយឡែកនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ឯនេះវិញ ត្រូវបានលោក វេរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងដែរថា មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើកដែរ មានជន០៣នាក់ធ្វើដំណើរគ្នាដោយម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C 7620 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកគោយន្តកន្រ្តៃពេញទំហឹង បណ្ដាលឲ្យដាច់កង់គោយន្តម្ខាងផ្នែកខាងឆ្វេងដូចគេកាត់ ចំណែកភាគ្គីខាងម៉ូតូសន្លប់ស្ដូកស្ដឹងរដូករណេលយ៉ាងធ្ងន់ធ្ងរទាំងអស់គ្នា។
លោក វេរសេនីយ៍ត្រីបន្តទៀតថា ជនរងរបួសធ្ងន់ទាំង០៣នាក់ខាងភាគ្គីម៉ូតូទី១ឈ្មោះ នី មនូ ភេទប្រុស អាយុ ២១ឆ្នាំ(អ្នកបើកបរម៉ូតូ) ទី២ឈ្មោះ ឡាំ លឿន ភេទប្រុស អាយុ ២០ឆ្នាំ និងទី៣ឈ្មោះ អៀង ចិន្ដា ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នទាំង០៣នាក់រស់នៅភូមិកំបង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អធិការនគរបាលស្រុកក្រគរបានឲ្យដឹងបន្តទៀតថា ជនរងរបួសធ្ងន់ទាំង០៣នាក់ បើកបរក្នុងស្ថានភាពមានជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព ម្យាងទៀតផ្លូវដីហុយ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ចំណែកភាគីខាងគោយន្តរត់គេចខ្លួន វត្ថុតាងម៉ូតូនិងគោយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន