ខេត្តកំពង់ធំ៖ ស្រ្ដី២ជិះម៉ូតួឌុបគ្នាយ៉ាងលឿនទៅបុករថយន្ដពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដម៉ាកហ៊ីយឹនដាយ ឈប់នៅលើទ្រូងផ្លូវ ធ្វើអោយស្រ្ដីទាំង២នាក់បើកម៉ូតួពេញទំហឹង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង០៨នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តនោះ ឈប់នៅកណ្ដាលទ្រូងផ្លូវ ស្រាប់តែក្រោយមកលឺសំឡេងប្រាវ ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពរដ្ន ក៏នាំគ្នាមកមើលឃើញស្រ្ដីរងគ្រោះ២នាក់ដេកដួលរបួសពេញខ្លួននៅលើថ្នល់ពីក្រោយរថយន្ដ ជាមួយនឹងម៉ូតូ១គ្រឿង ព្រមទាំងមានឈាមទៀតផង បន្ដិចក្រោយមក ក៏បានបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ អែម ណែត ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តកំពង់ចាម បានបើកម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1E6899 បើកបរពីត្បូង ទៅជើង ( ទិសដៅស្របគ្នា )និងអ្នករួមដំណើររួមដំណើរ ឈ្មោះឡាត ឆេង ភេទស្រី អាយុ 32ឆ្នាំ នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ(របួសធ្ងន់) ដោយឡែកអ្នកបើកបររថយន្តបង្កមិនបានស្គាល់អត្តសញ្ញាណឡើយបានចុះរត់ពីរថយន្ដគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ប៉ៃតងពាក់ស្លាកលេខ កំពង់ចាម 3A0703។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុរថយន្តឈប់លើទ្រូងផ្លូវម៉ូតូបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងរួចប្រគល់សាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរថយន្ដយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងស្រាវជ្រាវតាមចាប់ជនបង្កអោយចូលខ្លួន មកដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី