ខេត្តប៉ៃលិន ៖ បុគ្គលិកកាស៊ីណូហ្គោលឌិនវិចតូរីយ៉ា ស្ថិតជាប់នឹងច្រកព្រំដែនព្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ជាង១០០នាក់ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បាននាំគ្នាប្រមូលផ្តុំឈរតវ៉ានៅខាងមុខអាគារកាស៊ីណូ ដោយទាមទារឱ្យថៅកែបើកប្រាក់ខែជូនពួកគេ ក្រោយកាស៊ីណូនេះមិនបានបើកប្រាក់ខែឲ្យបុគ្គលិកតាមកាលកំណត់។
ស្ត្រីជាបុគ្គលិកកាស៊ីណូម្នាក់បានរៀបរាប់ថា កាស៊ីណូហ្គោលឌិនវិចតូរីយ៉ា (Golden Victoria Casino) នេះ ត្រូវបានគេប្តូរឈ្មោះចេញពីឈ្មោះ ឌ្រីមវ៉ើល (Dream world) កាលពីថ្មីៗកន្លងមក ដោយសារថៅកែមុនឈប់ជួល ព្រោះខាតបង់អស់លុយជាច្រើន ខណៈដែលអ្នកលេងល្បែងអត់សូវមានដូចកាលពីមុន ព្រោះហេតុផលមានកាស៊ីណូថ្មីៗជាច្រើនទៀត កំពុងបើកលេងយ៉ាងពាក់ពពូន ទើបភ្ញៀវគេសម្រុកទៅលេងនៅកន្លែងថ្មីស្ទើរតែទាំងអស់ ដោយមានល្បែងទំនើបៗ ច្រើនជាងកាស៊ីណូមួយនេះ។
បុគ្គលិកដែលឈរតវ៉ាបន្តថា ក្រោយមកមានថៅកែជនជាតិចិនបានជួលអាគារកាស៊ីណូខាងលើ ដោយប្តូរឈ្មោះថ្មី ហើយក៏ជួលបុគ្គលិកប្រុសស្រីឲ្យចូលទៅធ្វើការងារនៅទីនោះជាង១០០នាក់ឯណោះ ដោយមុនដំបូងថៅកែ តែងតែបើកប្រាក់ខែ ជូនបុគ្គលិកនៅដើមខែជារៀងរហូត ។ តែសម្រាប់ខែនេះ គឺមកដល់ថ្ងៃទី៩ ខែធ្នូ ទៅហើយ ពោលគឺលើសអស់រយៈពេល៣ថ្ងៃ មិនឃើញបើកប្រាក់ខែជូនពួកគេ ព្រោះពួកគេម្នាក់ៗ ត្រូវការលុយ ដើម្បីបង់ឱ្យថ្លៃបន្ទប់ជួល និងថ្លៃម្ហូបអាហារ ម្យ៉ាងមានលេចលឺមកថា ថៅកែចិននេះខាតបង់ច្រើន ហើយបម្រុងរត់ទៅស្រុកវិញ ទើបពួកគេនាំគ្នាទៅឈរតវ៉ាយ៉ាងដូច្នេះ។
លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត ប៉ៃលិន បានឱ្យដឹងថា មូលហេតុដែលបុគ្គលិកកាស៊ីណូជាច្រើននាំគ្នាតវ៉ានៅមុខអាគារនោះ ព្រោះថៅកែសន្យាថា បើកប្រាក់ឱ្យម្តងថ្ងៃនេះ ម្តងថ្ងៃនោះ លុះចាំយូរៗទៅទ្រាំលែងបានក៏នាំគ្នាតវ៉ា។ លោកបន្តទៀតថា ក្រោយពេលកើតហេតុ ខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្តបានចុះទៅធ្វើការសម្របសម្រួល ដោយថៅកែកាស៊ីណូសុំបើកប្រាក់ខែឱ្យបុគ្គលិកទាំងនោះម្នាក់ៗ ចំនួន២០០០បាត(ប្រាក់ថៃ) សិន រហូតដល់ថ្ងៃទី១២ ខែធ្នូ ខណៈគេផ្ញើប្រាក់ពីប្រទេសចិនមកទាន់ពេល ទើបបើកឱ្យគ្រប់ចំនួន។ ដូច្នេះបញ្ហាខាងលើ បានស្ងប់ស្ងាត់ទៅវិញហើយ រហូតដល់ថ្ងៃសន្យាខាងលោកនឹងចុះទៅទីនោះម្តងទៀត ៕ ស សារ៉េត