ខេត្តប៉ៃលិន៖ សមត្ថកិច្ចបានឃាត់ក្រុមស្ត្រីញៀន ល្បែងស៊ីសងរហូតភ្លេចបាយភ្លេចទឹក ភ្លេចការងារផ្ទះចំនួន៦នាក់ និងមួយចំនួនទៀតបានរត់ចែកជើងគ្នាដែលការចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងក្រោយចំណតរថយន្តឈ្នួលថ្មី(បេនឡានថ្មី) ក្នុងភូមិអូរតាពុកលើ សង្កាត់-ក្រុង-ខេត្តប៉ៃលិន ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានស្ត្រីញៀនល្បែងខាងលើ បានជួបជុំគ្នាលេងល្បែងយ៉ាងគគ្រឹកគគ្រេងនៅក្នុងផ្ទះរបស់ស្ត្រីម្នាក់ កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅរបង្ក្រាបតែម្តង ។ ប្រភ ពបន្តទៀតថា ស្រី៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១- ឈ្មោះ សំ សុគន្ធារី អាយុ៣០ឆ្នាំ ទី២- សុខ សុវណ្ណ អាយុ៤០ឆ្នាំ ទី៣- គឹម រិទ្ធី អាយុ៣៣ឆ្នាំ ទី៤- ចាន់ ទឹក អាយុ៤៨ឆ្នាំ ទី៥- ចាន់ នឿន អាយុ៥៧ឆ្នាំ និងទី ៦- ឈ្មោះ នន សាម៉េត អាយុ៥១ឆ្នាំ ។ ប្រភពដដែលបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួន ស្ត្រីលេងល្បែងខាងលើ សមត្ថកិច្ចបានរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។
ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងគេលេងល្បែង មានការសប្បាយរីករាយនៅពេលសមត្ថកិច្ចចុះបង្ក្រាបវង់ល្បែងស៊ីសងដុះស្លែមួយនេះ ហើយពួកគាត់ចង់ឱ្យសមត្ថកិច្ចបន្តបង្ក្រាបអ្នកលេងល្បែងនៅតាមភូមិនានាជាច្រើនទៀត ដើម្បីរក្សា សុវត្ថិភាពជូនពលរដ្ឋ ។ ពិសេស ល្បែងកន្ទុយលេខឆ្នោត ត្រូវគេបើកលេងពេញក្នុង ក្រុងប៉ៃលិន ដែលមិនត្រូវបានបង្រ្កាបរហូតមានគេសង្ស័យសមត្ថកិច្ចខ្លះត្រូវថ្នាំសណ្តំពីមេឆ្នោតទាំងនោះផង ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក៏ មានល្បែងសីុសងយ៉ាងគគ្រឹកគគ្រេងដែរ ដោយក្នុងនោះមានទាំងមន្ត្រីរាជការក៏លេងដែរ ។ តែគេមិនធ្លាប់ឃើញនគរបាលណាចុះទៅបង្ក្រាបទេ ។ ដូច្នេះហើយ ការ កើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ កាប់សម្លាប់នៅក្នុងខេត្តមួយនេះតែកើតឡើងហូរហែរ ៕ ស សារ៉េត