ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពនៅលើភ្លឺស្រែ ដាច់ស្រយាល់ឆ្ងាយពីភូមិ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងព្រឹក បន្ទាប់ពីលោកមេភូមិកំប៉ាងរាយការណ៍ ។
ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅលើភ្លឺស្រែ ត្រង់ចំណុចម្តុំវាលអង្រ្គង ស្ថិតក្នុងភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា សាកសពបុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះ ឡុង វីរៈ (ហៅម៉ាប់)អាយុ ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រីបន្តថា បន្ទាប់ពីកំលាំងសមត្តកិច្ចរបស់លោក ទទួលបានសេចក្តីរាយការណ៍ពីលោកមេភូមិកើតហេតុ ខណៈគាត់(មេភូមិ)ទទួលបានសេចក្តីរាយការណ៍ប្រជាពលរដ្ឋដែរនោះ ក៍បានរាយការណ៍និងសុំគោលការថ្នាក់លើដើម្បីចាត់កំលាំងចុះទៅពិនិត្យចាប់យកវត្ថុតាងផ្សេងៗ។
លោក អធិការបន្តទៀតថា ក្រោយពីកំលាំងសហការគ្នាធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ម៉ត់ចត់រួចមក ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ អាចសន្ថិដ្ឋានបានថាសាកសពស្លាប់ដោយសារខ្យល់គ ពេលគាត់ដើរទៅច្រូតស្មៅនៅចំណុចវាលស្រែដាច់ស្រយាលឆ្ងាយពីភូមិ ហើយក្រុមគ្រួសារក៍បាននិយាយប្រាប់ដែរថា គាត់ចេញទៅបាត់ពីផ្ទះតាំងពីព្រឹកថ្ងៃទី០៩ ខែធ្នូ មុនកើតហេតុមួយថ្ងៃ ក្នុងគោលបំណងទៅច្រូតស្មៅតែបាត់មិនឃើញត្រឡប់យកផ្ទះដើររក ក៏មិនឃើញ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី៕ បឹុម ពិន