ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ពន្ធ័គ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ មនុស្ស៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ឃាត់រួមជាមួយវត្ថុតាងសារធាតុញៀនជាក់ស្តែង ហើយការឃាត់ខ្លួនជនសង្ស័យនេះធ្វើក្នុង ពេលសម្មត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងនៅវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦ ។

លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា នៅម៉ោងពេលខាងលើ កំលាំងជំនាញប្រឆាំងគ្រឿងញៀន បានចុះល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងភូមិសាស្ត្រស្មុញស្មាញក្នុងស្រុកមេមត់ ចំការកៅស៊ូរដ្ឋ ស្ថិតក្នុងភូមិបុរីតេជោសែន ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឃើញជនគួរឲ្យសង្ស័យ ០២ នាក់ ១.ឈ្មោះ សេន រំម៉ាលី ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិ ខ្មែរ-ឥស្លាម រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ , ២.ឈ្មោះ ស៊ឹង ចេក ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជិះម៉ូតូ ០១ គ្រឿង ម៉ាក វេវឆ្លាម ពណ៌ទឹកសមុទ្រ នៅចំណុចខាងលើ ។

ភ្លាមនោះកម្លាំងបានហៅឲ្យ ឈប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ បានរកឃើញម្សៅក្រាម ពណ៌ស ដែលសង្ស័យជាគ្រឿងញៀន ចំនួន ០២ កញ្ចប់ ដែលឈ្មោះ សេន រំម៉ាលី បានទំលាក់ចោលលើដី ។ កម្លាំងយើងបានឃាត់ខ្លួនបញ្ជូនជនសង្ស័យទាំងពីរ និងម៉ូតូ ០១ គ្រឿង ព្រមទាំងវត្ថុតាងថ្នាំប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់ ខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរព័ត៌មាន ។

លោកបន្តថា តាមចំលើយរបស់ឈ្មោះ សេន រំម៉ាលី ថា ថ្នាំចំនួន ០២ កញ្ចប់នេះ បានទិញពីឈ្មោះ ម៉ាន ភ័រ ហៅ ម៉ឺស ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ-ឥស្លាម រស់នៅភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្រោយពីទទួលបាននូវចំលើយរបស់ជនសង្ស័យខាងលើ កម្លាំងបានបន្តឃាត់ខ្លួនឈ្មោះ ម៉ាន ភ័រ ហៅ ម៉ឺស នៅចំណុចមុខខារ៉ាអូខេយីហោរតនៈឥសាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ។

លោកអធិការក៏បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំងបីខាងលើត្រូវបានជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់៕ វណ្ណៈ

abc abc-1 abc-2 abc-3


ចែករំលែក៖