ខេត្តកំពង់ឆ្នាំង ៖ ឈើប្រភេទលេខ១ ដែលឈ្មួញដឹកចេញពីខេត្តពោធិសាត់បម្រុងដឹកទៅភ្នំពេញ ត្រូវសមត្ថកិច្ចដេញតាមចាប់បានកាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមដើមផ្កា ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលដឹកឈើរាជកុលនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ស្វាយរៀង ៣A-០៤៧ ជាប្រភេទរថយន្តយីឌុប ដឹកចេញពីខេត្តពោធិសាត់ ឆ្ពោះទៅភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ការឃាត់រថយន្តនេះ បន្ទាប់ពីកម្លាំងសម្ងាត់បានផ្តល់ព័ត៌មានមកថា មានរថយន្តដឹកឈើខុសច្បាប់ដ៏ធំមួយគ្រឿង បានដឹកឈើឆ្លងកាត់ភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង នៅពេលនោះលោកបានដាក់កម្លាំងចាំឃ្លាំមើល នៅពេលឃើញរថយន្តដែលមានភិនភាគខាងលើ មកដល់សមត្ថកិច្ចកិច្ចបានប្រដេញរហូតដល់ដល់ចំណុចកទួល ក្នុងភូមិសាស្រ្កឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ អ្នកបើកបរថយន្តដឹកឈើបានឈប់ រួចចុះគេចខ្លួនបាត់តែម្តង ហើយសមត្ថកិច្ចបានអូសយករថយន្តនេះ មកដាក់នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីបន្តនីតិវិធីទៅទៀត ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់ត្រួតពិនិត្យឈើនេះនៅឡើយទេ ដោយកំពុងទុកនៅមន្ទរកសិកម្មខេត្ត ប៉ុន្តែតាមការសន្និដ្ឋានឈើប្រណីតនេះមានប្រមាណជា៤០ម៉ែត្រគូប ។
មជ្ឈដ្ឋាននានាបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ រថយន្តដឹកឈើធំៗ បានដឹកទាំងតោនៗ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ប៉ុន្តែគេពុំដែលឃើញសមត្ថកិច្ចប្រដេញស្ទាក់ចាប់នោះទេ ដែលករណីនេះត្រូវបានគេបង្ហើបអោយដឹងថា ដោយសារមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ព្រោះនៅតាមផ្លូវសុទ្ធតែមានសមត្ថកិច្ចគ្រប់ជំនាញដែលបានដាក់ប៉ុស្តិ៍យាមចាំត្រួតពិនិត្យ ប៉ុន្តែពុំដែលឃាត់បាននោះទេ ។
ដូចជាករណីចាប់ឈើរាជកុលនាពេលនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា អាចជាការបាត់បង់ផលប្រយោជន៍របស់សមត្ថកិច្ចណាមួយ ព្រោះក្នុងពេលប្រដេញចាប់គេឃើញ មានសមត្ថកិច្ចពុំសូវសហការគ្នានោះទេ គឺមានតែមន្រ្តីកសិកម្មម្នាក់បានជិះឡានដេញ ហើយសុំសហការជាមួយសមត្ថកិច្ចផ្សេងៗគឺពុំមាននោះទេ រហូតដល់ឃាត់រថយន្តបានទើបសមត្ថកិច្ចទៅដល់ ៕ ចន្ថា