ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីរើផ្ទះលើកដែកឡើងលើទៅប៉ះនឹងខ្សែកាប្លិ៍ភ្លើង បណ្តាលឲ្យឆក់ដួលសន្លប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចនៅផ្ទះជនរងគ្រោះ ស្តិតនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
យោងតាមរបាយការណ៍នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភ្លើងឆក់មានឈ្មោះ ទុយ សុផាត ភេទប្រុសអាយុ៣៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលើ នឹងមានមុខរបរជាងផ្សាដែក។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានរុះរើដំបូងផ្ទះបានលើកដែកទៅប៉ះនឹងខ្សែកាបភ្លើងបណ្តាលឲ្យឆក់រងរបួសធ្ងន់ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារនឹងសាច់ញ្ញាតិដឹកបញ្ជូនតាមរថយន្តមណ្ឌលសុខភាពស្រុកលំផាត់មកកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។
គួររំលឹកផងដែរថា ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី សាងសងលំនៅដ្ឋាន តសំយ៉ាប់ផ្ទះជាដើម មេត្តាសាងសង់ឲ្យ ឃ្លាតឆ្ងាយពីបង្គោលខ្សែភ្លើងជៀសវាងហានិភ័យកើត ឡើងជាយថាហេតុ ៕ វុទ្ធឦសាន