ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញរកស៊ីឈើគ្រញូងបាននាំឈើគ្រញូងពីប្រទេសថៃចូលមកខេត្តបបន្ទាយមានជ័យដោយបង្វែរពីច្រករបៀងមកនាំចូលតាមច្រកអន្តរជាតិប៉ោយប៉ែតវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បទល្មើសព្រៃឈើត្រូវបានប្រទេសអាស៊ានទាំង១០ ចាត់ទុកថា ជាបទល្មើសឆ្លងដែនឧក្រិដ្ឋកម្មអន្តរជាតិ គ្រាដែលជំនួញឈើគ្រញូងនៅខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាឈ្មួញបង្វែរនាំចូលពីច្រករបៀងមកតាមច្រកអន្តរជាតិប៉ោយប៉ែតវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ឱ្យដឹងថាច្រករបៀងទាំងឡាយនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យឈមនិងខេត្តស្រះកែវប្រទេសថៃត្រូវបានទាហានឈុតខ្មៅថៃបិទមិនឱ្យបទល្មើសនាំឆ្លងកាត់បាននោះឡើយ ។

ក្រោយពីឈើគ្រញូងចំនួន៦ ដុំ ដែលមានប្រវែងចាប់២ទៅ៣ម៉ែត្រស្មើនិងទម្ងន់៣១៣គីឡូក្រាម គេប៉ាន់ប្រមាណមានតម្លៃច្រើនម៉ឺនដូល្លា ត្រូវបានមន្ត្រីគយប្រចាំការត្រួតពិនិត្យនៅច្រកអន្តរជាតិប៉ោយប៉ែត ឆែកឆេររកឃើញនិងធ្វើការបង្រ្កាបបាន នៅពេលឈ្មួញជួលកម្មករអូសរទះដឹកបង្កប់ជាមួយទំនិញនាំពីប្រទេសថៃចូលមកក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ។ការបង្រ្កាបឈើគ្រញូងនៅច្រកអន្តរជាតិប៉ោយប៉ែតមន្រ្តីគយមិនបានឃាត់ខ្លួនកម្មកររឺឈ្មួញណាម្នាក់បានឡើយ។

សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែលមន្រ្តីគយបង្រ្កាបបានឈើគ្រញូងនាំចូលតាមច្រកអន្តរជាតិប៉ោយប៉ែតដោយកាលពី ក្នុងអំឡុងខែកញ្ញា កន្លងទៅ ឈើគ្រញូងចំនួន១៥ដុំ រងការបង្រ្កាបបានផងដែរ ក្រោយពីឈើគ្រញូងទាំងនោះត្រូវបានកម្មករអូសដឹកតាមរទះបង្កប់ជាមួយនិងទំនិញ។

លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែតប្រាប់ឱ្យដឹងថា ការបង្រ្កាបឈើគ្រញូងខាងលើ មន្រ្តីគយមានការសង្ស័យឃើញរទះកម្មករនោះមានភាពចម្លែកជាងគេ អូសយឺតៗមានសភាពដឹកផ្ទុកធ្ងន់ខុសពីធម្មតា ។ ឃើញបែបនោះ កូនចៅលោក ឃាត់រទះហៅកម្មករសួរនាំ ។ ស្រាប់តែនៅពេលនោះ កម្មករអូសរទះក៏នាំគ្នារត់គេចខ្លួនអស់ ។ កូនចៅលោកធ្វើការឆែកឆេរត្រួតពិនិត្យ ក៏បានប្រទះឃើញឈើគ្រញូង៦ដុំ បង្កប់ដាក់នៅខាងក្រោមទំនិញ។ ឈើគ្រញូងកំពុងយកមករក្សាទុកនៅស្នាក់គយនិងរដ្ឋាករក្រុងប៉ោយប៉ែត ដើម្បីទុកចាត់ការតាមនីតិវិធីច្បាប់ ។

ពាក់ព័ន្ធនឹងបទល្មើសឈើគ្រញូងនៅខេត្តបន្ទាយមានជ័យ ក្នុងមួយរយៈចុងក្រោយនេះដែរ សេចក្តីរាយការណ៍ឱ្យដឹងថា ឈ្មួញវៀតណាមបានឆ្លងដែនចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ទៅទិញឈើគ្រញូងផ្ទាល់នៅក្នុងប្រទេសថៃ ដែលមានឈ្មួញខ្មែរជាអ្នកនាំឈ្មួញវៀតចូលទៅដល់ក្នុងដីថៃតែម្តង ។

សូមរំលឹកថា សកម្មភាព ចូលទៅកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងដីថៃពីសំណាក់ ពលករខ្មែរត្រូវគេរាយការណ៍ឱ្យដឹងថា កន្លងមកមានពលករខ្មែរមួយចំនួនបានប្រឈម រងការបាញ់សម្លាប់ និងពលករខ្លះរងការបាត់ខ្លួន រឺត្រូវចាប់ដាក់គុកពីសំណាក់ទាហានថៃ ។ សកម្មភាពនាំឱ្យពលករខ្មែរចូលទៅកាប់ឈើគ្រញូងក្នុងដីថៃពួកគេត្រូវបានឈ្មួញខ្មែរ និង ឈ្មួញថៃសហការគ្នាជួលចូលទៅកាប់ឈើគ្រញូងដល់ដីថៃនោះផងដែរ៕ សំ វិច្ឆិកា

img_6531 img_2394 img_6527 img_6528 img_6529


ចែករំលែក៖