ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករលក់មាសថា ចោរប្លន់យកគ្រឿងអលង្កាពេលត្រឡប់ពីផ្សារអស់ជិត៤០តម្លឹង សមត្ថកិច្ចថាបំប៉ោងតួលេខ

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ៖ អាជីវករលក់មាស២នាក់ប្តីប្រពន្ឋនៅផ្សារឩដុង្គ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបន្ទាប់ពីពួកគាត់តេចូលវិទ្យុមួយហើយអះអាងថា ចោរមួយក្រុមបានប្លន់មាសពីខ្លួនអស់ជិត៤០តម្លឹងពេលត្រឡប់ពីផ្សារមកដល់មុខផ្ទះធ្វើអោយសមត្ថកិច្ចចេញពួនស្ទាក់គ្រប់ច្រកល្ហក តែមិនប្រទះមុខសញ្ញាឡើយ ។

ករណីនេះ កើតឡើងកាលវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច ភូមិ ឃ្លាំងប្រាំ ឃុំ វាំងចាស់ ស្រុកឧត្តុង ខេត្ត កំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ អីុង ប៊ុនតុង ភេទប្រុស អាយុ៣៣ឆ្នាំ ប្រពន្ឋឈ្មោះអានសុខនីអាយុ៣០ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់មាស មានទីលំនៅ ភូមិ ឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដ្តុងកំពង់ស្ពឺ ។

មន្ត្រីអាវុធហត្ថស្រុកឩដុង្គមួយរូបបានអោយដឹងនៅព្រឹកថ្ងៃទី១៦ធ្នូ២០១៦នេះបន្ទាប់ពីទទួលបញ្ជាពីលោកមេបញ្ជាការអោយចុះអន្តរាគមន៍ករណីភ្ញាក់ផ្អើលថា មានករណីប្លន់អ្នកលក់មាសកើតឡើងរួចមក កម្លាំងអាវុធហត្ថ និងនគរបាលដែលកំពុងល្បាតនៅភូមិសាស្រ្តខាងលើ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្តង ក្រោយពីប្តីប្រពន្ឋ២នាក់ ដែលគេដឹងថា ជាអាជីវករលក់មាសនៅផ្សារឩដុង្គបានតេចូលវិទ្យុមួយហើយរាយការណ៍ថា មានមនុស្សមួយក្រុមបានធ្វើសកម្មភាពភ្ជង់ប្លន់យកគ្តឿងអលង្កា ដែលប្រមូលពីផ្សារអស់ប្រមាណជិត៤០តម្លឹង។

មន្ត្រីដដែលបន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើលថាមានអំពើប្លន់នេះ កើតឡើងក្រោមការបញ្ជារបស់ឩត្តមសេនីយ៍ត្រីជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាអោយកម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងនគរបាលចេញពួនស្ទាក់រកមុខសញ្ញាបន្ទាប់ពីជនរងគ្រោះអះអាងថា មានគ្នា២នាក់ស្លៀកពាក់ខោអាវប៉ារ៉ា ជិះម៉ូតូម៉ាក ឌ្រីម សេ125 ពណ៌ខ្មៅ មិនចាំសេរី និងស្លាកលេខ បានជិះមកឈប់ពីក្រោយជនរងគ្រោះទាំង២នាក់ប្តីប្រពន្ឋ ហើយដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកមួយដើម ចូលមកភ្ជង់ប្លន់ប្រតាយប្រតប់ដណ្តើមយកគ្រឿងអលង្កា ដែលដាក់ក្នុងកាបូប ហើយគេចខ្លួនបាត់។ ពេលនោះ កម្លាំងទាំង២បានចេញពួនស្ទាក់គ្រប់ច្រកល្ហកអស់ពេលយ៉ាងយូរ មិនប្រទះឃើញមុខសញ្ញាសង្ស័យ ក៏ត្រឡប់មកកន្លែងកើតហេតុជាថ្មី ដើម្បីបញ្ជាក់ពីភិនភាគជនសង្ស័យ ស្រាប់តែជនរងគ្រោះប្រាប់ថា ជនសង្ស័យពាក់អាវក្រឡាការ៉ូទៅវិញ ដែលចម្លើយនេះ ធ្វើអោយសមត្ថកិច្ចវិលមុខយ៉ាងខ្លាំង ហើយក៏បានរាយកម្លាំងតាមពួនស្ទាក់គ្រប់ផ្លូវនៅតែមិនប្រទះឃើញមុខសញ្ញាឡើយ។

ប្រភពបន្តថាចុងក្រោយសមត្ថកិច្ចបានត្រឡប់មកកន្លែងកើតហេតុដើម្បីជួបប្តីប្រពន្ឋខាងលើនិងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវបន្ត។ សមត្ថកិច្ចពិតជា មានកាតលំបាក ព្រោះតែដំបូងឡើយប្តីប្រពន្ឋខាងលើមិនសូវយកចិត្តទុកដាក់ សហការជាមួយសមត្ថកិច្ចឡើយ ដោយបានងើបចុះ ងើបឡើងនៅពេលដែលសាកសួរដើម្បីប្រមូលពត៌មានលម្អិត ។ បុរសជាប្តីម្តងឆ្លើយថា ៣០តម្លឹង ម្តងថា៤០តម្លឹង មិនមានចំនួនពិតប្រាកដ ចំណែកប្រពន្ឋដែលគេដឹងថា ជាអ្នកតេចូលវិទ្យុនោះបានអះអាងថា ចោរមានគ្នា២នាក់ភ្ជង់ខ្លួនមិនអោយតដៃ និងមើលមុខពួកវាឡើយ បានប្រាប់ថា មិនដឹងចំនួនប៉ុន្មានឡើយ ព្រោះពួកចោរយកអស់ទៅហើយមុនពេលប្លន់ប្តីខ្លួនបានជញ្ជូនមាសយកទៅទុកនៅផ្ទះ២ដងមកហើយ។

និយាយរួម វាពិតជាមានការលំបាកណាស់ នៅពេលដែលម្ចាស់ផ្ទះមិនបានផ្តល់ការសហការជាមួយសមត្ថកិច្ច គឺតាំងពីកើតហេតុរហូតដល់ទៅ៣ម៉ោងក្រោយមក ទើបបុរសរូបនេះព្រមផ្តល់ការសហការដោយរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានលក់មាសនៅផ្សារឧដ្តុងជាធម្មតាដោយមានចំនួន០២ទូ ដោយគាត់ជាប្តីបើកលក់០១ទូ និងប្រពន្ធបើកលក់១ទូ ។ លុះពេលដល់ម៉ោងត្រឡប់ទៅផ្ទះវិញ រូបគាត់បានជិះម៉ូតូC125 ពណ៍ខ្មៅ សេរី ឆ្នាំ២០១៣ ប្រមូលយកគ្រឿងអលង្ការ ដែលខ្លួនបានដាក់តាំងលក់នៅឯផ្សារយកមកទុកនៅផ្ទះម្តងរួចមកហើយក្រោយមកក៏ត្រឡប់ទៅយកគ្រឿងអលង្ការរបស់ប្រពន្ធយកមកទុកនៅផ្ទះម្តងទៀត ខណះដែលជិះមកដល់មាត់ច្រកទ្វាររបងចូលផ្ទះ ម្នាក់ឯងស្រាប់តែមានជនល្មើស ចំនួន ០២នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ125 ពណ៍ខ្មៅមិនចាំសេរី និងស្លាកលេខ បានជិះមកឈប់ពីក្រោយខ្លួនហើយដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកមួយដើម ចូលមកភ្ជង់ប្លន់យកកាបូបគ្រឿងអលង្កា ហើយក៏ស្ទុះឡើងជិះម៉ូតូទាំងពីរនាក់ឆ្ពោះទៅទិសខាងកើត គេចខ្លួនបាត់ ។

សមត្ថកិច្ចទាំង២ស្ថាប័ន បានសហការគ្នាអនុវត្តនិតិវិធី ស្រាវជ្រាវករណីនេះ ហើយក្នុងនោះ សមត្ថកិច្ចបានសាកសួរអ្នករស់នៅក្បែរកន្លែងកើតហេតុមិនមាននរណាម្នាក់បានដឹង និងឃើញមានមនុស្សជិះម៉ូតូតាមហើយដកកាំភ្លើងភ្ជង់ប្លន់ដណ្តើមយកមាសពីបុរសខាងលើឡើយ ។ ម៉្យាងទៀត នៅផ្ទះអ្នកជិតខាងក្បែរនោះ ដែលមានដាក់កាំមេរាសុវត្ថិភាពដែលអាចថតបានមកដល់ផ្លូវនិងមុខផ្ទះជនរងគ្រោះនោះមិនមានថតជាប់រូបភាពណាមួយនៅចន្លោះម៉ោងដែលបុរសខាងលើអះអាងថា កើតហេតុប្លន់នេះឡើយនេះតាមការស្រាវជ្រាវពីកាំមេរារបស់សមត្ថកិច្ច។ហើយចំលើយដែលផ្តល់អោយសមត្ថកិច្ចទាំង២នាក់ប្តីប្រពន្ឋនិយាយខុសគ្នាទៀត(ប្រពន្ឋថាជិះមូតូ២នាក់ចោរភ្ជង់យកពីខ្លួនចំណែកប្តីថាជិះម្នាក់ឯងចោរភ្ជង់យកពីខ្លួនដែរ ពេលនោះបានប្រតាយប្រតប់ជាមួយចោរ ដែរតែខ្លាចវាបាញ់ក៏ព្រមអោយវាយកទៅ) ត្រង់ចំណុចនេះហើយ ដែលសមត្ថកិច្ចមិនទាន់ជឿថា កើតមានករណីប្លន់នេះកើតឡើងពិតប្រាកដនោះទេ។ ការដែលសមត្ថកិច្ចមិនទាន់ជឿទី១ តាមរយៈកាមរ៉ារបស់អ្នកជិតខាង ទី២ប្តីប្រពន្ឋឆ្លើយខុសគ្នាហើយចំនួនទ្រព្យសម្បត្តិទៀតសោតក៏មិនប្រាកដ។

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លោកវរសេនីយ៍ទោខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានប្រាប់ថាពិតជាមានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងមែនពេលនេះសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវចំនែករឿងរ៉ាងយ៉ាងណាទៀតលោកមិនទាន់ហ៑ានសន្និដ្ឋានឡើយរង់ចាំជំនាញចុះមកបើកការសុើបអង្កេតសិន។

លោកឩត្តមសេនីយ៍ត្រីជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងដែរថា លោកទទួលស្គាល់ពិតជាមានអំពើប្លន់នៅចំណុចខាងលើមែនតែត្រង់ថាចំនួនគ្រឿងអលង្ការហូតដល់ជិត៤០តម្លឹងវាជាចំនួនមួយដ៏ច្រើនលើសពីការពិតដែលអាចទទួលយកបាន។

ពេលនេះលោកបានបញ្ជាកម្លាំងអោយសហការជាមួយនគរបាលជំនាញស្រាវជ្រាវជាមុនសិន ព្រោះតែសមត្ថកិច្ចបានដឹងថាបុរសខាងលើមានប្រវត្តិលេងសើចច្រើនផងដែរនាពេលកន្លងមក។

ទោះជាយ៉ាងណាលោកមេបញ្ជាការអះអាងថា សមត្ថកិច្ចលោកនឹងបន្តការស្រាវជ្រាវជាបន្តទៀតដើម្បីអោយមហាជនដឹងការពិតអំពីករណីនេះ៕ សេនាស័ក្តិ

kspue-1-copy kspue-2-copy kspue-3-copy kspue-4-copy kspue-5-copy


ចែករំលែក៖