ព័ត៌មានទាន់ហេតុការណ៍៖

កម្មករធ្វើការតវ៉ាទាមទាររកដំណោះស្រាយរឿងដកសហជីពស៊ីខាវឌូបែរជាខាងរោងចក្រប្រើមនុស្សពាលឲ្យដេញវាយកម្មករ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកតវ៉ាជាកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុនហ្វឹស ហ្គាវ័ន្តអឺភែរីល(ខេមបូឌា)ប្រមាណជា៣០០នាក់លើ៥០០នាក់ បាននាំគ្នាធ្វើការតវ៉ាទាមទារជុំវិញបញ្ហាដែលខាងក្រុមហ៊ុនបានដកសហជីពស៊ីខាវឌូចេញដោយគ្មានមូលហេតុ។ ការតវ៉ានេះ គឺក្រុមកម្មករទាមទារឲ្យមានការចូលរួមនិងដោះស្រាយឲ្យសមហេតុផលដល់ពួកគេ។ តែផ្ទុយទៅវិញខាងក្រុមហ៊ុនពុំបានធ្វើតាមការទាមទាររបស់ក្រុមអ្នកតវ៉ានោះទេបែរជា ជួលក្រុមអ្នកលេងប្រហែល៧នាក់ដេញវាយក្រុមកម្មករទៅវិញបង្កជាហឹង្សាបណ្តាលឲ្យកម្មការិនីម្នាក់រងរបួស។

ហេតុការណ៍ផ្ទុះហឹង្សារវាងកម្មករ និងក្រុមអ្នកលេងនោះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅអគារលេខ១៧៧១ តាមបណ្តោយផ្លូវជាតិលេខ២ ក្រុម២៣ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាយប៉ុសិ៍្តរដ្ឋបាលចាក់អង្រែក្រោមលោក វុឌ្ឍ ផូសារវ័ន្ត បានឲ្យដឹងថា ក្រុមកម្មករបានចេញធ្វើការតវ៉ាប្រមាណ៣០០នាក់លើ៥០០នាក់ ហើយនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៥ធ្នូក៏បានផ្ទុះហឹង្សាដាក់គ្នារវាងកម្មករនិងក្រុមសន្តិសុខរោងចក្រ។ ខាងសន្តិសុខក៏ បានចេញមកទាញមេក្រូរបស់កម្មករបោកខ្ទេចខ្ទីអស់ បន្ទាប់មកក៏នាំគ្នាដើរចូលក្នុងរោងចក្រវិញ២០នាទីក្រោយ។

ដោយឡែកស្រ្តីរងគ្រោះឈ្មោះ ស៊ុំ ស្រីសួគ៍ អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបាននិយាយថា ក្រុមកម្មករបានធ្វើការតវ៉ាតាំងពីថ្ងៃទី១២ធ្នូម្លេះ តែរហូតមកដល់ពេលនេះការទាមទាររកដំណោះស្រាយតែចំនួនពីរចំណុច គឺចំណុចទី១ស្នើសុំខាងរោងចក្របើកលុយបំណាច់ឆ្នាំរបស់កម្មករ-កម្មការិនីរោងចក្រជាង៤០០នាក់។ ចំណុចដែលរោងចក្របានដកសហជីពស៊ីខាវឌូឈ្មោះ ឃឹម មករា ភេទប្រុស អាយុ៣៨ឆ្នាំ ដោយមិនដឹងមូលហេតុ។ ចំណុចស្នើសុំឲ្យខាងរោងចក្រមានដំណោះស្រាយសមស្រប។

ស្ត្រីកម្មការិនីដដែលបន្តថា ចុះហេតុអ្វីបានជាខាងតំណាងរោងចក្រជួលមនុស្សពាលមានកាន់ដំបងវាយកម្មករទៅវិញ និងវាយកម្ទេចមេក្រូរបស់កម្មករថែមទៀត។ ពួកគាត់ទាំងអស់មិនសុខចិត្តនោះទេ ក្រៅពីដំណោះស្រាយដែលបានទាមទារនោះហើយក៏សុំឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កហឹង្សាមកលើកម្មករឲ្យរងរបួស និងករណីបំផ្លិចបំផ្លាញ។

ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ទោ តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានបញ្ជាក់បន្ថែមកាលពីម្សិលមិញថា មិនមែនក្រុមសន្តិសុខរោងចក្រនោះទេដែលបង្កហឹង្សាមកលើកម្មករនោះ គឺសហជីពខាងក្រៅនិងសហជីពស៊ីខាវឌូដែលប៉ះទង្គិចគ្នា។ នៅព្រឹកថ្ងៃទី១៦ធ្នូនេះក្រុមការងាររបស់ក្រសួងការងារនឹងចុះមកដោះស្រាយផ្ទាល់ក្នុងរោង ចក្រ ហើយការដោះស្រាយក៏មិនទាន់លទ្ធផលយ៉ាងម៉េចនៅឡើយទេ៕ តាឡឹម

sre-1-copy sre-2-copy sre-3-copy sre-4-copy


ចែករំលែក៖