ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើសេចក្តីទុកចិត្ត ក្រោយពីរូបគេបានយកប្រាក់របស់ក្រុមហ៊ុន១១,១៧៧ដុល្លារទៅលេងល្បែងចាញ់អស់ហើយព្យាយាមរត់គេចខ្លួនដែល។ ហេតុការណ៍ចាប់ខ្លួនបាននេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរស ដែលឃាត់ខ្លួនមានឈ្មោះ ឈន វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរទីផ្សាររបស់ក្រុម ហ៊ុនលក់គ្រឿងសំណង់ ម៉ឹង ផល្លី ស្នាក់ នៅផ្ទះជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌ មានជ័យ មានស្រុកកំណើតនៅភូមិទួល សំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង ពីបទរំលោភលើសេចក្តីទុកចិត្ត។
ការឃាត់ខ្លួនបុរសខាងលើនេះដែរបានធ្វើឡើងក្រោយពីរូបគេបានយកប្រាក់ របស់ក្រុមហ៊ុនចំនួន ១១,១៧៧ ដុល្លារ ដែលដើរប្រមូលបានពីតាមបណ្តាដេប៉ូ មួយចំនួនកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនេះយកទៅលេងល្បែងអស់រួចហើយក៏គេចខ្លួនបាត់។ រហូតមកដល់ព្រឹក ថ្ងៃទី១៦នេះ ខាងក្រុមហ៊ុនតាមរកឃើញ បុរសខាងទីផ្សារខាងលើក៏ចាប់នាំខ្លួនយក មកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារ ដើមថ្កូវចាត់ការទៅតាមផ្លូវច្បាប់។
ក្រោយពីតំណាងក្រុមហ៊ុនចាប់ឃាត់ ខ្លួនបុរសខាងលើយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សាដើមថ្កូវរួចហើយ ក៏បាន សាកសួរទើបគេសារភាពថាខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនទៅលេងល្បែង ចាញ់អស់ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមនដើម្បីចាត់ការទៅតាមផ្លូវ ច្បាប់៕ ហេង នរិន្ទ្រ