ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៥០គ្រួសារនាំគ្នាចេញមុខផ្ទុះការតវ៉ាជាមួយម្ចាស់ដីមួយកន្លែងបម្រុងបិទផ្លូវពលរដ្ឋធ្វើដំណើរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៥០គ្រួសារ រស់នៅភូមិសាមគ្គឺមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានប្រមូលផ្តុំគ្នា ចេញមុខមកតវ៉ានិងចោទប្រកាន់ទៅនិងម្ចាស់ដីមួយកន្លែងដែលមានឈ្មោះ សៀង សាម៉េត បម្រុងបិទផ្លូវប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរ។គ្រាដែលអភិបាលក្រុងប៉ោយប៉ែតបានបំភ្លឺឱ្យដឹងថា ដីដែលពលរដ្ឋនាំគ្នាតវ៉ាឱ្យបើកផ្លូវធ្វើដំណើរពីមុនមកជាដីកម្មសិទ្ធិឯកជនគ្មានផ្លូវធ្វើដំណើរនោះទេហើយថែមទាំងមានដីការបស់តុលាការចេញសម្រេចសេចក្តីថាគ្មានផ្លូវធ្វើដំណើរផងនោះទៀត។

ការចេញមុខតវ៉ា របស់ ប្រជាពលរដ្ឋ កាលពីព្រឹកមិញទន្ទឹមដែលពលរដ្ឋបាននាំគ្នារ៉ៃអងហគាសប្រាក់ចាក់ផ្លូវធ្វើបេតុង ដើម្បីងាយស្រួលនៃការធ្វើដំណើរ។ប្រជាពលរដ្ឋបានលើកឡើងថា ដីដែលមានឈ្មោះ សៀង សាម៉េត បម្រុងបិទផ្លូវពីមុនជាដីផ្លូវពលរដ្ឋធ្វើដំណើរ ប៉ុន្តែវាមិនមែនផ្លូវធំទូលាយនោះទេ ផ្លូវនោះមានទឹកលិចទឹកពលរដ្ឋអាចធ្វើដំណើរតាមម៉ូតូបាន។

ប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថា កន្លងមកអាជ្ញាធរក្រុងបានកោះហៅភាគីប្រជាពលរដ្ឋ និងម្ចាស់ដី ដើម្បីសម្របសម្រួលគ្នា ។ប្រជាពលរដ្ឋទាមទារឱ្យម្ចាស់ដីបើកផ្លូវមានប្រវែង៦ម៉ែត្រដើម្បីឱ្យបានផ្លូវធំ បើសិមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយដ្ឋាហេតុអ្វីអាចឱ្យរថយន្តទឹកចូលទៅសង្រ្គោះមានភាពងាយស្រួល។ប៉ុន្តែម្ចាស់ដីដែលមានឈ្មោះ សៀង សាម៉េត បានអនុញ្ញាតឱ្យបើកផ្លូវចំនួន៤ម៉ែត្រប៉ុណ្ណោះ បញ្ហានេះប្រជាពលរដ្ឋមិនអាចទទួលយកបាននោះទេ។

ជុំវិញបញ្ហានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានបំភ្លឺឱ្យដឹងថា បញ្ហា ទំនាស់រឿងផ្លូវរបស់ប្រជាពលរដ្ឋ៥០គ្រួសារជាមួយនិងឈ្មោះ សៀង សាម៉េត អាជ្ញាធរក្រុងបានកោះហៅភាគីទាំងពីរមកសម្របសម្រួលដោះស្រាយជិត២០លើកមកហើយ។ពីមុនមកប្រជាពលរដ្ឋប្តឹងទាមទារឱ្យបើកផ្លូវ៨ម៉ែត្រ ក្នុងនោះដោយមានការសម្របសម្រួលរបស់អាជ្ញាធរក្រុងឱ្យមានការបើកផ្លូវ៦ម៉ែត្រ ។ក្រោយមកម្ចាស់ដីឈ្មោះ សៀង សាម៉េត មិនព្រមដោយប្រគល់បើកផ្លូវតែ៤ម៉ែត្រប៉ុណ្ណោះ។បញ្ហានេះអាជ្ញាធរក្រុងបានឱ្យភាគីទាំងពីរដកខ្លួនទៅពិចារណានោះសិន រងចាំអាជ្ញាធរក្រុងធ្វើការដោះស្រាយបន្តបន្ទាប់ទៀត។

លោកបញ្ជាក់ឱ្យដឹងទៀតថា ដីនោះជាកម្មសិទ្ធិឯកជន អាជ្ញាធរមិនអាចទៅបង្ខិតបង្ខំឱ្យម្ចាស់ដីធ្វើអ្វីតាមតែចង់បាននោះទេ ធ្វើយ៉ាងណាឱ្យម្ចាស់ដីមានការសម្បទានគ្នាទៅវិញទៅមកទើបជាការប្រសើរ។

បញ្ហានេះ អ្នកយកព័ត៌មានយើងមិនអាចសុំការទំនាក់ទំនង លោក សៀង សាម៉េត រងការចោទប្រកាន់ពីពលរដ្ឋ ឱ្យជួយបំភ្លឺបាននោះទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង៕ សំវិច្ឆិកា

img_7157 img_7150 img_7151 img_7154 img_7155 img_7156


ចែករំលែក៖