ភ្នំពេញ ៖ ស្រ្តីម្នាក់បានរត់ទៅសាលាសង្កាត់ចោមចៅសុំអាជ្ញាធរលែងលះគ្នាជាមួយប្តីខណៈគ្មានមូលហេតុនិងគ្មានការ ពិភាក្សាជាប្តីប្រពន្ធបែរជាវេចលុយ១មឺុន ដុល្លារទៅបាត់សូន្យឈឹងអស់មួយយប់។ លុះវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ទើបស្ត្រីរូបនេះសម្រេចចិត្តមកសុំលែងលះ។
ស្រ្តីខាងលើមានឈ្មោះ សួន ជីរ៉ា អាយុ ៣៥ឆ្នាំ មុខរបរមេការកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិ៣៣ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកប្តីមានឈ្មោះ ឡុង ពេជ្រ អាយុ៣៣ឆ្នាំ មុខរបរមេការកម្ម កររោងចក្រដូចគ្នាមានស្រុកកំណើតនៅ ភូមិជ្រួល ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា នៅ មុនពេលកើតហេតុអំឡុងវេលាម៉ោង២ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពី លោកប្តី បាននាំក្រុមកម្មករមកដល់រោង ចក្រហើយចូលផ្ទះសម្រាកពុំមានមាត់កគាត់ សួរមិនស្តីហៅមិនឆ្លើយមិនដឹងថាមានរឿងអ្វីកើតឡើង។ ពេលនោះនឹកថាប្តីនឿយ ហត់ក្នុងការងារគាត់ក៏មិនរវល់ដែរទុកឲ្យសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯងចុះ។អ្វីដែល នឹកស្មានមិនដល់នោះពេលគាត់ភ្លេចខ្លួនប្តីចុះចាកចេញទៅបាត់ក៏ចូលទៅមើលក្នុងបន្ទប់ស្រាប់តែ ឃើញស្នាមរុះរើទូហើយ ពេលបើកទូពិនិត្យលុយកាក់បាត់អស់ចំនួន១មុឺនដុល្លារលុយសរុបមានចំនួន១៩.៧០០ដុល្លារនៅសល់លុយតែ៩.៧០០ដុល្លារ ទុកក្នុងទូទើបមានការងឿងឆ្ងល់ព្រោះមិនបានជជែកគ្នាឲ្យតឹងសរសៃកដាក់គ្នាផងបែរជាគាត់ចុះចោលដោយគ្មាន ដំណឹងប្រាប់អ្វីបន្តិចសោះ។ស្ត្រីរូបនេះបន្តថាបើថាចង់លែងលះគ្នាគ្រាន់តែប្រាប់មកប្តីប្រពន្ធ២នាក់និយាយគ្នាបានតើ ។ ទោះ យ៉ាងណាបញ្ហាគ្រួសារខាងលើស្រ្តីជាប្រពន្ធទើបទទួលបានព័ត៌មានពីខាងក្រៅមកវិញ ថាប្តីរបស់គាត់ចង់លែងលះគាត់យូរហើយទើបតែ ពេលនេះមានឱកាសល្អក៏ចុះចោលគាត់តែម្តងទៅ ។
ស្ត្រីខាងលើបានបន្តថា ពួកគាត់រៀបការ ជាមួយគ្នាត្រឹមត្រូវតាមច្បាប់តាមប្រពៃណី អស់រយៈកាល៣ឆ្នាំកន្លងមកហើយរហូតមកដល់ពេលនេះពុំមានកូនឡើយ ។ ចំពោះ បញ្ហាជីវភាពវិញពុំមានអ្វីព្រួយបារម្ភទេគឺយើងរស់នៅសមរម្យនឹងគេដែរ ។ ចំណែក បញ្ហារស់នៅវិញស្រ្តីខាងលើបានឲ្យដឹងថា ជាធម្មតាទេចានក្នុងរាវតែងមានរណ្តំ ចំណែកគ្រួសារវិញតែងតែមានអារម្មណ៍ថ្នាំងថ្នាក់នឹងគ្នាតែគ្មានអ្វីកើតជាជម្លោះធំដំដែលឈានដល់បង្កហិង្សាឡើយគ្រាន់តែពាក្យសម្តីតិចតួចតែបុ៉ណ្ណោះ ។
ក្រោយពីប្តីចុះចេញទៅបាត់អស់រយៈពេលមួយយប់ព្រមទាំងយកលុយកាក់ អស់១មុឺនដុល្លារទើបរហូតដល់រសៀលថ្ងៃទី១៥ ខែធ្នូ ស្រ្តីជាប្រពន្ធរត់ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ ដើម្បីរក្សាទុកកាលបើប្តី វិលត្រឡប់ឬប្រទះឃើញទៅណាសូម ហៅមកដោះស្រាយគ្នាដោយសន្តិវិធីចង់លែងក៏បានដែរឲ្យតែមកជម្រះបញ្ជីជាមួយគ្នាឲ្យដាច់ស្រេចគ្នាសិន៕សុខាសែនជ័យ