ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធទាត់ចានបាយឆ្កែ ប្តីស្មានតែទាត់ចានបាយហូបរាល់ថ្ងៃខឹងដាល់មួយដៃប៉ោងមុខ

ចែករំលែក៖

ភ្នំពេញ ៖ ទំនាស់គ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសប៉ោងភ្នែកម្ខាង ខណៈប្រពន្ធងងក់មិនព្រមហូបបាយជាមួយប្តី ពេលប្តីដើរចេញ ក៏ទាត់ចានបាយសម្រាប់ដាក់ឲ្យឆ្កែសីុរៀងរាល់ថ្ងៃ ប្តីស្មានតែចាន់ដែលគាត់ខំទិញទុកហូបបាយខ្លួនឯង ក៏ស្ទុះមកវាយតែម្តង ហើយរាយការណ៍ប្រាប់បូ៉លីស សុំការអន្តរាគមន៍ជួយចាប់ឃាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងប្តីមានឈ្មោះ ឯល ពិសិដ្ឋ ហៅខ្មៅ ប្រុស ២៧ឆ្នាំ មុខរបរ កម្មករបើករ៉ឺម៉កដេបូ៉ឈើ ។ ចំណែកនាងជាប្រពន្ធ មានឈ្មោះ ណាក់ សោវឿន អាយុ២៦ឆ្នាំ មុខរបរគ្មាន មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធជាមួយស្រ្តីខាងលើ រយះពេល៥ឆ្នាំមកហើយ ប្រពន្ធអតីតជាស្រ្តីម៉េម៉ាយកូន ប្រុស១ ក្រោយពីលែងលះប្តីជាកម្មករសំណង់រួចមក ខ្លួនបានចែចូវ ដាក់សម្ព័ន្ធស្នេហ៍ សុំរួមមេត្រីជាប្តី ជាប្រពន្ធ បានកូន២នាក់ ប្រុស១ ស្រី១ រួមរស់ជាមួយគ្នារហូតមកដល់សព្វថ្ងៃក្នុងស្ថានភាពក្រក្សត់ ។ បុរសខាងលើបន្តទៀតថា ក្នុងការរស់នៅសព្វថ្ងៃ រង្វង់គ្រួសារ ហាក់បីដូចជាមិនចុះសម្រុងគ្នា ពោលភាគីខាងប្រពន្ធចិត្តឆេវឆាវ អត់ការងារធ្វើហើយ ដឹងតែពីទារលុយ តើរកលុយឯណាឲ្យទាន់ កាលបើជិវិតជាកម្មករ ក្រក្សត់យ៉ាងនេះ ។ បុរសជាប្តីបានប្រាប់ផងដែរថា នៅមុនពេលកើតជម្លោះថ្ងៃនេះ ដោយសារខឹងប្រពន្ធទាត់ចានបាយចោល ទើបទ្រាំលែងបាន វាយមួយដៃទៅ បូ៉លីសទៅដល់ឃាត់ខ្លួនចូលបុ៉ស្តិ៍ ។

ចំណែកឯស្រ្តីជាប្រពន្ធវិញ បានបំភ្លឺ មុខសមត្ថកិច្ច និងអ្នកយកព័ត៌មានថា សូមច្រានចោលរាល់ការចោទប្រកាន់របស់ប្តីទាំងអស់ មុនពេលកើតហេតុ ក្រោយពីប្តីវិលពីកន្លែងការងារវិញ ដល់ផ្ទះហៅហូបបាយ តែខ្លួនមិនហូប ក៏ទាស់សម្តីគ្នា ខ្លួនខឹងដើរទៅទាត់ចានបាយឆ្កែ សោះ បែរជាប្តីចោទថា ទាត់ចានបាយប្រើរាល់ថ្ងៃទៅវិញ ខឹងស្ទុះវឹងដាល់មួយដៃ បណ្តាលឲ្យប៉ោងមុខមួយចំហៀង ព្តឹងបូ៉លីសឃាត់ខ្លួនប្តីយកទៅធ្វើការអប់រំនៅបុ៉ស្តិ៍នគរបាល ចំណែកខ្លួនទៅពេទ្យ ។

តាមនគរបាលបុ៉ស្តិ៍វិញបានឲ្យដឹងថា ទោះជាសម្តីបកស្រាយម្ខាងៗយ៉ាងណាក៏ដោយ សកម្មភាពហិង្សាដោយសារការយល់ភ័ណ្ឌច្រឡំ រវាងទង្វើ ប្តីប្រពន្ធខាងលើ ក្រោយពីប្រពន្ធរងរបួស ប្តីត្រូវបានឃាត់ខ្លួនយកទៅអប់រំនៅបុ៉ស្តិ៍ជាមុនសិន ទើបអនុញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕សុខាសែនជ័យ

 


ចែករំលែក៖