ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យគ្រូពេទ្យខ្វះជំនាញដាក់ថ្នាំឲ្យអ្នកជំងឺផឹកអស់២គ្រាប់ប្រកាច់ស្លាប់មួយរំពេច

ចែករំលែក៖

 

ខេត្តកណ្តាលៈ ក្រុមគ្រូពេទ្យប្រចាំមន្ទីរសម្ភព សុខា បញ្ញា ក្រុងតាខ្មៅ ខ្វះជំនាញវិជ្ជាជីវៈដាក់ថ្នាំចំនួន២គ្រាប់ឲ្យអ្នកជម្ងឺផឹករហូតប្រកាច់ស្លាប់ភ្លាមៗនៅក្នុងទីតាំងរបស់ខ្លួន កាលពីវេលារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។ ក្រោយពីមានហេតុការណ៍កើតឡើងប្រធានមន្ទីរសម្ភព សុខា បញ្ញា បានធ្វើការសម្របសម្រួលជាមួយក្រុមគ្រួសារជនរងគ្រោះ សងសំណងជាប្រាក់កាក់ដើម្បីបញ្ចប់រឿង តែគេមិនដឹងថាចំនួនប៉ុន្មាននោះទេ ។

ជនរងគ្រោះដែលត្រូវបានគ្រូពេទ្យខ្វះជំនាញដាក់ថ្នាំឲ្យផឹករហូតប្រកាច់ស្លាប់នេះ មានឈ្មោះទិល ទូច ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ សុខ ទី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានកូនប្រុស-ស្រីនៅក្នុងបន្ទុកចំនួន២នាក់ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

កូនបង្កើតរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចនគរបាលក្រុងតាខ្មៅយ៉ាងដូច្នេះថា នៅមុនពេលកើតហេតុ៣ថ្ងៃ ឪពុករបស់ពួកគេ(ជនរងគ្រោះ)មានអាការៈចុកក្នុងដើមទ្រូង (ឈឺបាត់ៗ)មិនបានទៅពេទ្យភ្លាមៗនោះទេ ។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បុរសជាឪពុកមានអាការៈចុកក្នុងដើមទ្រូងខ្លាំងឡើងៗ ទើបស្ត្រីជាម្តាយដឹកបញ្ជូនទៅសង្រ្គោះព្យាបាលជម្ងឺនៅមន្ទីរសម្ភព សុខា បញ្ញា ដែលមានទីតាំងនៅខាងកើតផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិ/សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

កូនបង្កើតរបស់ជនរងគ្រោះបានបន្តទៀតថា ពេលទៅដល់គ្រូពេទ្យប្រចាំមន្ទីរសម្ភព សុខា បញ្ញា បានយកឧបករណ៍វាស់ឈាមមកដាក់វាស់លើដៃឪពុករបស់ខ្លួន បន្ទាប់ពីវាស់រួចគ្រូពេទ្យបានឲ្យឪពុករបស់ខ្លួណផឹកថ្នាំចំនួន២គ្រាប់ (ថ្នាំបញ្ចុះឈាមនិងថ្នាំបំបាត់ការឈឺចាប់) ។ ក្រោយពីផឹកថ្នាំមិនបានប៉ុន្មាននាទីផងនោះ គ្រូពេទ្យបានយកឧបករណ៍ទៅវាស់ចង្វាក់បេះដូង ទើបដឹងថាឪពុករបស់ខ្លួនបានដាច់ខ្យល់ស្លាប់ ។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍កើតឡើងប្រធានមន្ទីរសម្ភព សុខា បញ្ញា បានធ្វើការសម្របសម្រួលសងសំណងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងដោយមានការដឹងឮពីចៅសង្កាត់ព្រែកឬស្សីផងដែរ ទើបក្រុមគ្រួសារសម្រេចដឹកសាកសពជនរងគ្រោះយកទៅធ្វើបុណ្យនៅលំនៅដ្ឋាន ដោយពុំបានប្តឹងឬរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឡើយ ។

លោកវរសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានមនុស្សស្លាប់ ដោយការព្យាបាលនៅមន្ទីរសម្ភព សុខា បញ្ញា រួចមក លោកបានរាយការណ៍ប្រាប់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សុំកម្លាំងជំនាញបច្ចេកទេស និងវិទ្យសាស្ត្រ ព្រមទាំងក្រុមគ្រូពេទ្យជំនាញខេត្ត ចុះទៅធ្វើការពិនិត្យកោសល្យវិច្ច័យលើសាកសពជនរងគ្រោះ តែពេលទៅដល់ក្រុមគ្រួសារជនរងគ្រោះមិនបានសហការជាមួយសមត្ថកិច្ចយើងទេ គឺបានបដិសេធន៍មិនឲ្យពិនិត្យលើសាកសពជនរងគ្រោះ ។

លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះមិនព្រមសហការ លោកបានរាយការណ៍ជូនលោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ទើបនៅព្រឹក១៧ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការកោះហៅមន្ទីរសម្ភព សុខា បញ្ញា ឲ្យចូលខ្លួនទៅបំភ្លឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ។

ទាក់ទិនករណីខាងលើអ្នកយកព័ត៌មានមជ្ឈមណ្ឌលនគរវត្តបានទូរសព្ទ័ទៅលោកកែវ គៀតឆូហ្វ ប្រធានមន្ទីរសម្ភព សុខា បញ្ញា ដើម្បីសុំការបំភ្លឺខណះនោះបានបញ្ជាក់ថាលោកជាប់រវល់ពិនិត្យជំងឺគេនៅស្រុកកោះមិនអាចឆ្លើយបំភ្លឺបានទេ។

គួរបញ្ជាក់ថា មន្ទីរសម្ភព សុខា បញ្ញា នេះមានទីតាំងតាមបណ្តោយផ្លូវលេខ១០៦ ខាងកើតផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងអំឡុងឆ្នាំ២០១៦នេះ មានអ្នកជម្ងឺ៣ទៅ៤នាក់ដែលស្លាប់បាត់បង់ជីវិតដោយសារការព្យាបាលខ្វះជំនាញវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យប្រចាំមន្ទីរសម្ភព សុខា បញ្ញា នេះ ។ បើទោះបីជាមានករណីមនុស្សជាបន្តបន្ទាប់ដោយសារការព្យាបាលខ្វះជំនាញវិជ្ជាជីវៈយ៉ាងណាក្តី ក៏មន្ទីរសម្ភព សុខា បញ្ញា នេះអាចដំណើរការបានយ៉ាងរលូន ដោយពុំមានការចុះត្រួតពិនិត្យឬបិតអាជីវកម្មពីសំណាក់មន្ទីរសុខាភិបាលខេត្តកណ្តាលនោះទេ ។

ជាកស្តែងរឿងថ្មីនេះមួយទៀត ត្រូវបានប្រភពក្រៅផ្លូវការនិយាយថា មានអ្នកមានអំណាចនៅខេត្តកណ្តាលម្នាក់ចេញមុខរត់ការ ខណៈដែលមានវត្តមានសមត្ថកិច្ចចុះទៅកោះហៅភាគីមន្ទីរសម្ភព សុខា បញ្ញា យកមកធ្វើការសាកសួរ ៕ស្អាងជ័យ

asdt3s-6 asdt3s asdt3s-1 asdt3s-2 asdt3s-3 asdt3s-4 asdt3s-5


ចែករំលែក៖