ខេត្តបន្ទាយមានជ័យ៖ យុវជន២នាក់ បានជិះម៉ូតូ១គ្រឿងឌុបគ្នាគេសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ហើយបើកជ្រុលបុកគូថរថយន្តពីក្រោយដឹកដីឈប់ចតស្ងៀមម្ចាស់ទៅទិញទឹកសុទ្ធ បណ្តាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតទទួលរងរបួសធ្ងន់ ។
ជនរងគ្រោះបន្ទាប់មកត្រូវបានកម្លាំងនគរបាលចរាចរខេត្តដឹកតាមរថយន្តយកទីសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានពីនគរបាលចរាចរខេត្តប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំដឹកដី១គ្រឿងពាក់ស្លាកលេខបន្ទាយមានជ័យ៣A០៦៤៤ បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ហើយមកដល់ចំណុចខាងមុខផ្សារអូរអំបិល ក៏ឈប់ចតស្ងៀមរថយន្តបើកភ្លើងគ្រប់គ្រាន់ ។ លុះរំពេចមកក៏ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាគ្លីក បើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នា ហើយបានជ្រុលទៅបុកគូថរថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់មួយរំពេចនៅកន្លែងកើតហេតុ។ចំណែកអ្នករួមដំណើរ ទទួលរងរបួសធ្ងន់ បន្ទាប់មកត្រូវបាននគរបាលចរាចរដឹកអ្នករងរបួសយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។
ក្រោយពីកើតភ្លាមអ្នកបើករថយន្តឃើញបែបនោះក៏បានរត់គេចខ្លួនបាត់ ដោយទុករថយន្តនៅកន្លែងកើតហេតុ។ អ្នកបើកម៉ូតូបាត់បង់ជីវិតមានឈ្មោះ យឿង ស៊ីឡុង ភេទប្រុសអាយុ ២៣ឆ្នាំ និងអ្នករងរបួសជាអ្នករួមដំណើរឈ្មោះ ឆាន់ ឈូ ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
បើតាមប្រភពព័ត៌មានពីនគរបាលចរាចរខេត្តប្រាប់ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតឡើងនូវគ្រោះថ្នាក់ខាងលើ ដោយសារអ្នកបើកម៉ូតូបើកបរល្បឿនលឿន សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង និងអត់ពាក់មួកសុវត្ថិភាព។ សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងតាមជំនាញរួចហើយក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា