ខេត្តបន្ទាយមានជ័យ -បាត់ដំបង៖កម្លាំងសមត្ថកិច្ចខេត្ត ដែលជាប់នឹងបឹងទន្លេសាបចំនួន២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រុង់ទ្រាយធំ គ្រាដែលបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវគេរាយការណ៍ឱ្យដឹងថា កំពុងកើតមានយ៉ាងពេញបន្ទុក ជាហេតុធ្វើមច្ឆជាតិ ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ កំពុងរងការវិនាសបាត់បង់យ៉ាងធ្ងន់ ដោយក្រុមខិលខូចលួចនេសាទខុសច្បាប់។ ទន្ទឹមដែលអាជ្ញាធសមត្ថកិច្ច និងមន្រ្តីជំនាញនៃខេត្តទាំង២ ត្រូវគេមើលឃើញថា ទើបតែភ្ញាក់រលឹកនាំគ្នាចុះទៅបង្រ្កាប ។
ករណីទី១ នៅខេត្តបាត់ដំបង ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ច ចម្រុះ៨០នាក់ ដឹកនាំ ដោយ លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង បានចុះទៅបង្រ្កាបឧករណ៍នេសាទខុសច្បាប់ចំនួន៥កន្លែង នៅអតីតតំបន់ឡូត៍នេសាទលេខ២ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង សមត្ថកិច្ចបង្រ្កាបដកហូតបានបង្គោលឈើចំនួន២២០០ដើម ឡុកចំនួន៥ ប្រវែង៥៥០០ម៉ែត្រ ជម្រកស្នាក់នៅរបស់ជនល្មើស៣កន្លែង ។ ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ បន្ទាប់មកត្រូវបានសមត្ថកិច្ចធ្វើការដុតកំទេចចោលនៅទីនោះតែម្តង ។ ការបង្រ្កាបបទល្មើសនេសាទនៅខេត្តបាត់ដំបងនោះដែរ ពុំមានសេចក្តីរាយការណ៍ឃាត់ខ្លួនជនល្មើសនេសាទខុសច្បាប់ណាម្នាក់នោះឡើយ ។
ករណីទី២ នៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបានចុះទៅបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្តឃុំសំបួរ ស្រុកមង្គលបុរី ជាប់និងព្រំប្រទល់ខេត្តបាត់ដំបង ។ សមត្ថកិច្ចដកហូតបានស្បៃរបាំងអួនប្រវែង១២០ម៉ែត្រ បង្គោលឈើចំនួន៨០ដើម។
ឧបករណ៍នេសាទខុសច្បាប់ ក៏ត្រូវបានសមត្ថកិច្ចយកមកដុតកម្ទេចចោលផងដែរ៕ សំ វិច្ឆិកា