ព័ត៌មានទាន់ហេតុការណ៍៖

កត់កន្ទុយលេខនៅនឹងកន្លែងមិនកាក់កប ជិះរ៉ឺម៉កម៉ូតូកត់នៅគ្រប់កន្លែងជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញៈ ស្រ្តីជាមេកន្ទុយលេខម្នាក់ដែលរកស៊ីកត់កន្ទុយលេខចល័តតាមម៉ូតូរ៉ឺម៉ក ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ខណៈពេលដែលកំពុងតែជិះម៉ូតូរ៉ឺម៉ក កត់កន្ទុយលេខនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ហើយសមត្ថកិច្ចថែមទាំង ដកហូតបានវត្ថុតាងមួយចំនួនធំទៀតផងដែរកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្រី្តនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ស្ត្រីដែលជាមេកន្ទុយលេខដែលឃាត់ខ្លួនបាននោះមានឈ្មោះ គង់ ចន្ធី អាយុ៤០ឆ្នាំ មុខរបរកត់កន្ទុយលេខ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្រៅពីឃាត់ខ្លួនស្ត្រីខាងលើសមត្ថកិច្ចនៅបានដកហូតបាននូវវត្ថុតាងមួយចំនួនមានដូចជា ម៉ូតូរ៉ឺម៉កចំនួនន១គ្រឿង លុយខ្មែរចំនួន២លាននិង ២០ម៉ឺនរៀល លុយដុល្លារចំនួន២០០ដុល្លារ រួមទាំងវត្ថុតាងដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ស្ត្រីជាមេកន្ទុយលេខចល័តខាងលើនេះត្រូវបានបញ្ជូនខ្លួនទៅកាន់ធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់៕ ប្រាថ្នា

______________


ចែករំលែក៖