ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលមានរបសដើរស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតយកប្រាក់ចិញ្ចឹមគ្រួសារ បានរងរបួសធ្ងន់ដឹកមកង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីបុរសរូបនេះ បាក់បង្អោងឡើងត្តោតពេលកំពុងឡើងត្នោត ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិដំបូកកកោះឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះហង្ស ថា អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះតុប យ៉េន អាយុ៥០ឆ្នាំ មានកូន៥នាក់ នៅក្នុងបន្ទុក និងមានទីលំនៅក្នុងភូមិឃុំខាងលើ។ ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសារ និងមន្ត្រីអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តគំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុនោះ ជនរងគ្រោះបានទៅស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតឲ្យអ្នកភូមិដែលតម្លៃឈ្នួលក្នុងមួយដើមចំនួន៥០០០រៀល។ក្រោយពីឡើងកាប់ស្លឹកត្នោតបាន២ដើមជនរងគ្រោះក៏បានបន្តឡើងកាប់ដើមទី៣ជាបន្តទៀត ប៉ុន្តែចៃដន្យអាក្រក់ដោយសារបង្អោងចាស់ បានបាក់ធ្លាក់មកដីបណ្តាលអោយរងរបួសធ្ងន់តែម្តង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះបានឲ្យដឹងថា គ្រួសារជនរងគ្រោះមានជីវភាពក្រីក្រលំបាកខ្លាំងណាស់ រកព្រឹកខ្វះល្ងាច ដែលគ្រួសារមួយនេះគឺពឹងទៅលើជនរងគ្រោះតែម្នាក់គត់ដែលមានមុខរបរឡើងត្នោតនិងស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតយកលុយចិញ្ចឹមគ្រួសារ ។ ប៉ុន្តែនៅពេលបុរសដែល ជាបង្គោលគ្រួសារមានគ្រោះថ្នាក់បែបនេះ មិនដឹងបានអ្នកណាជួយផ្គត់ផ្គង់គ្រួសារនោះទេ មានតែសង្ឃឹមលើសប្បុរសជន និង កាកបាទក្រហមប៉ុណ្ណោះ ដែលអាចជួយដោះទាល់ក្នុងរយៈពេលដែលជួបគ្រោះភ័យបែបនេះ ៕ ចន្ថា