ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងការឃុំខ្លួនលោក ឌិន ពុទ្ធី នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ សាច់ញាតិ និងអ្នកគាំទ្រប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក ឌិន ពុទ្ធី ដែលត្រូវបាន ចោទប្រកាន់ថា បើករថយន្តប៉ះមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងកំពុងជាប់ឃុំនោះបានប្រមូលផ្ដុំគ្នា ប្រមាណ៥០នាក់តវ៉ាបិទផ្លូវជាតិលេខ៥ ប្រឆាំងនឹងការចោទប្រកាន់ពីតុលាការ ។

ការតវ៉ាឈានដល់ការបិទផ្លូវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ដោយការតវ៉ានៅលើផ្លូវជាតិក្បែរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្រែកថា ករណីនេះអយុត្តិធម៌ណាស់សម្រាប់ការចោទប្រកាន់លោក ឌិត ពុទ្ធី។ នៅក្នុងការតវ៉ានេះដែរមានការរុញច្រានគ្នាបន្តិចបន្តួចជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលមានគ្នាប្រមាណ៥០នាក់ចុះធ្វើអន្តរាគមន៍ ប៉ុន្តែ មិនមានអំពើហិង្សានោះទេ ។

គួរបញ្ជាក់ថា លោក ឌិន ពុទ្ធី ត្រូវបាន តុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត បន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្រោមបទចោទថា បង្ក អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីលោកត្រូវរងការចោទប្រកាន់ ថា បានបើករថយន្តបុកនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោក ឈាន ពិសិដ្ឋ ឲ្យរងរបួសជើងស្ដាំរហូតដួលសន្លប់ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅក្រុង ប៉ោយប៉ែតកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅឯប្រទេសថៃ ។

ករណីមន្ត្រីនគរបាលដួលសន្លប់នៅ មុខរថយន្តនេះនាំឲ្យអ្នកលេងហ្វេសប៊ុកជាច្រើននាក់លើកឡើងថា ហេតុការណ៍នៅ ពេលនោះរថយន្តមិនបានបុកមន្ត្រីនគរ បាលឈ្មោះឈាន ពិសិដ្ឋ នេះទេគឺនគរ បាលរូបនោះដួលនៅមុខរថយន្តដោយខ្លួនឯង។ ទោះជាយ៉ាងណាអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យបានអះអាងថាយោងតាមភស្តុតាងបឋមបង្ហាញថា ឈ្មោះ ឈាន ពិសិដ្ឋ ពិតជារងរបួសជើងស្តាំដោយ សារការបុកដោយរថយន្តរបស់ឈ្មោះ ឌិន ពុទ្ធី រហូតដល់ដួលសន្លប់ប្រាកដមែនមិនមែនធ្វើពុតដូចការលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកឡើយ ៕ សំ វិច្ឆិកា

img_9502 img_9503 img_9506


ចែករំលែក៖