ខេត្តកំពត ៖ ជនសង្ស័យជាឃាតក សម្លាប់បុរសម្នាក់ហើយរត់គេចខ្លួននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៦ ហើយនៅរសៀលថ្ងៃដដែលសមត្ថ កិច្ចបានបញ្ជូនជនសង្ស័យឲ្យធ្វើត្រាប់នៅកន្លែងកើេតហេតុ ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនដៃដល់ត្រូវបានចាប់ខ្លួនឈ្មោះ ជ័យ ប៊ុនធឿន អាយុ៤៨ឆ្នាំ មុខរបរមិនពិត ប្រាកដ ។
គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិដំណាក់ ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពតមានករណីឃាតកម្មមួយកើត ឡើងទៅលើបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម នៅចំណុចក្រោយផ្ទះស្រ្តីមេម៉ាយកូន៥ ស្ថិតក្នុងភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ នៅក្រោយ កើតហេតុជនដៃដល់ខាងលើបានរត់គេច ខ្លួន គ្រាដែលសមត្ថកិច្ចបាននាំខ្លួនស្រ្តី មេម៉ាយជាអតីតប្រពន្ធជនដៃដល់ទៅ សាកសួរ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ជនរង គ្រោះដែលត្រូវជនដៃដល់សម្លាប់ឈ្មោះ សៅ ចន្ថន ហៅខូយ អាយុ៤៨ឆ្នាំ ជា កសិករ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនរង គ្រោះត្រូវជនដៃដល់សម្លាប់ក្រោយពីមាន ទំនាក់ទំនងស្នេហាជាមួយនឹងអតីតប្រពន្ធ ឈ្មោះ កែវ ច្រាន់ អាយុ៤០ឆ្នាំ មុខរបរធ្វើ ស្រែ រស់នៅភូមិ-ឃុំជាមួយគ្នា ។
ករណីនេះត្រូវបានស្នងការនគរបាល ខេត្តកំពតលោក ម៉ៅ ចន្ទមធុរិទ្ធ បាន ប្រាប់កាសែតនគរវត្តថា អំពើឃាតកម្មនេះ កើតឡើងព្រោះតែរឿងប្រច័ណ្ឌ ។
ជុំវិញករណីឃាតកម្មនេះដែរនៅក្រោយ កើតហេតុតាមអ្នកភូមិបានរំលឹកថា ជនដៃ ដល់កន្លងទៅបានទំនាក់ទំនងស្រលាញ់ស្រ្តីមេម៉ាយម្នាក់មានកូន៥នាក់ក្នុងភូមិកើត ហេតុ ប៉ុន្តែការរស់នៅជាមួយគ្នាមិនមាន កូននោះទេ។ លុះក្រោយមកជនដៃដល់ បានបែកគំនិតមានស្រ្តីថ្មីម្នាក់ទៀតទើបឈានដល់ការចែកផ្លូវជាមួយនឹងស្រ្តីមេម៉ាយ កូន៥ដែលការចែកផ្លូវគ្នានេះទើបតែបាន រយៈពេលប្រមាណជា២ខប៉ុណ្ណោះ ។
អ្នកភូមិបានបន្តថា ក្នុងរយៈពេលដែលជនដៃដល់លែងលះប្រពន្ធនេះដែរបុរសជាជនរងគ្រោះបានចូលមកស្និទ្ធស្នាលជាមួយនឹងស្រ្តីមេម៉ាយកូន៥នេះ។ ប៉ុន្តែគេពុំដឹងថា ស្នេហាសុីជម្រៅជាមួយស្រ្តីមេម៉ាយជាអតីត ប្រពន្ធជនដៃដល់ក្នុងកម្រិតណានោះទេ។ ប៉ុន្តែជារឿយៗជនរងគ្រោះតែងតែមកផ្ទះ អតីតប្រពន្ធជនដៃដល់និងជួយលើកដាក់ស្រូវអង្ករជាដើម។ នៅមុនពេលកើតហេតុកាលពីព្រលប់គេឃើញជនរងគ្រោះមក ដេកនៅផ្ទះស្រ្តីមេម៉ាយអតីតប្រពន្ធជនដៃដល់រូបនេះហើយក៏ត្រូវជនដៃដល់ដេញ កាប់ស្លាប់តែម្តង ។
បើតាមប្រភពឲ្យដឹងទៀតថា ជនដៃដល់ ជាមនុស្សមិនសូវនៅជាប់លាប់ក្នុងភូមិនោះ ទេ ហើយកាលពីពេលរស់នៅជាមួយស្រ្តី មេម៉ាយកូន៥នេះគឺជននេះបានប្រកបមុខរបរឡើងភ្នំកាប់ឈើនិងរកខ្លឹមចន្ទន៍ ហើយមួយរយៈដែលជនដៃដល់លែងលះជាមួយប្រពន្ធគេបានចេញពីភូមិបាត់ជិត២ខែមកហើយៗនៅពេលត្រឡប់មកវិញក៏មាន ករណីខាងលើនេះកើតឡើងតែម្តង ។
អ្នកភូមិបានឲ្យដឹងដែរថា ជនដៃដល់និង ស្រ្តីមេម៉ាយកូន៥មិនបានរៀបអាពាហ៍ ពិពាហ៍ធំដុំនោះទេ គឺពេលពួកគេស្រលាញ់ គ្នាគ្រាន់តែសែនព្រេនរួចរស់នៅជាមួយគ្នាបានប្រមាណជិត១ឆ្នាំប៉ុណ្ណោះ ហើយក៏ ចែកផ្លូវគ្នាវិញនៅគ្រាដែលស្រ្តីមេម៉ាយកូន៥អតីតប្រពន្ធជនដៃដល់ដឹងថាជនដៃដល់លួចមានស្រីថ្មីទៀត ៕ លី ហ៊ាង