ភ្នំពេញ៖ កុដិមួយខ្នងដែលជាសមិទ្ធផលថ្មី នៅក្នុងវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីសម្តេចព្រះមហាសុមេធាធិបតីឧទ្ទេសបណ្ឌិត នន្ទ ង៉េត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ។
លោកចេង មុន្នីរ៉ា អភិបាលរងខណ្ឌដង្កោ តំណាងលោកនុត ពុធដារ៉ា អភិបាលខណ្ឌបានឱ្យដឹងថា នៅក្នុងខណ្ឌដង្កោមានវត្តចំនួន២៦ មានព្រះសង្ឃសរុប៣៩៩អង្គ គណៈកម្មការអាចារ្យ២៦៩នាក់ សីលវ័ន្ត សីលវតី ១១៦នាក់ និងសិស្សនិសិត្សស្នាក់នៅតាមវត្តចំនួន២៧នាក់ ។ សម្រាប់រយៈពេលនេះ បណ្តាវត្តទាំងអស់នៅក្នុងខណ្ឌ បានឆក់ឱកាសស្ថានភាពប្រទេសជាតិមានអំណោយផលល្អ ស្របនឹងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បានប្រព្រឹត្តិទៅដោយរលូន និងស៊ីជម្រៅ ឈានទៅពង្រឹងការប្រតិបត្តិជម្រុញការកសាងសំណង់នានា នៅក្នុងវត្តប្រកបដោយជោគជ័យ ។ លោកអភិបាលរង បានបន្តថា ប្រជាពលរដ្ឋទាំងអស់គ្នាបានចាត់ទុកថា ព្រះពុទ្ឋសាសនា ជាសាសនារបស់រដ្ឋ ហើយរហូតមកដល់ពេលនេះ ព្រះពុទ្ឋសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំគុណធម៌ សីលធម៌ ផ្តល់ចំណេះដឹងផ្សេងៗ ឈានទៅកសាងសង្គមមួយមានភាំពត្រកំត្រកាលឡើង មិនតែប៉ុណ្ណោះប្រជាជនបានចាត់ទុកព្រះពុទ្ឋសាសនា ជាទីពឹងទីរលឹកដក់ជាប់ក្នុងផ្នត់គំនិតនៃប្រជាជនទូទៅ ។
សម្តេចព្រះមហាសុមេធាធិបតីឧទ្ទេសបណ្ឌិត នន្ទ ង៉េត មានព្រះសង្ឃដីកាថា ការដាក់ឱ្យសម្ភោធសមិទ្ឋផលថ្មីនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញពីការរីកចំរើនខាងវិស័យព្រះពុទ្ឋសាសនា ដែលកើតចេញពីសទ្ឋាជ្រះថ្លារបស់ ព្រះចៅអធិការវត្ត ក៏ដូចជាពុទ្ឋបរិស័ទ្ឋផងដែរ ។
សូមបញ្ជាក់ថា កុដិថ្មីនេះមានទំហំ២០ម៉ែត្រ គុណនឹង១៦ម៉ែត្រ ចាប់ផ្តើមកសាងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ហើយបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដោយចំណាយបច្ច័យកសាងសរុប ១៤៥,៨៩១ ដុល្លារសហរដ្ឋអាមេរិក ដែលត្រូវវេរប្រគេនព្រះសង្ឃ ទុកជាគរុភ័ណ្ឌសម្រាប់វត្ត ដែលមានក្បូរក្បាច់រចនាបថខ្មែរ តាមលក្ខណៈវប្បធម៌របស់ជាតិ ទុកជាមរតកព្រះពុទ្ឋសាសនា សម្រាប់ព្រះសង្ឃប្រើប្រាស់តទៅ៕ ភារ៉ា ដង្កោ