ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ និងម៉ូតូប៉ះគ្នាខ្ទាតចូលរថយន្តស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សស្រីម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២ប៉ះគ្នា ហើយខ្ទាតចូលរថយន្តមកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះផល ទេវី អាយុ៣៦ឆ្នាំ មុខរបរកសិករ រីឯប្ដីរងរបូសធ្ងន់ ឈ្មោះ វ៉ា សូនី អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ខណៈបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១i ៩៨៧០ ខូចខាតយ៉ាងដំណំ ។

រីឯភាគីម៉ូតូម្ខាងទៀតមាន ឈ្មោះ ពៅ សំអាត ភេទប្រុស អាយុ២០ឆ្នាំ បើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ដោយ រស់នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

ប្រភពបន្តថា រីឯអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វាន់ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន បើករថយន្ត ហ៊ីយានដាយ ពណ៌ស អត់ស្លាកលេខ ។

យោងតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ ប្ដីប្រពន្ធ២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរពីត្បូងមកជើងខណៈនោះ ក៏មានបុរសម្នាក់បានជិះម៉ូតូបញ្រាសគ្នាមិនដឹងយ៉ាងម៉េច ក៏ប៉ះគ្នាបណ្ដាលឲ្យរថយន្តមកពីក្រោយបុកពេញទំហឹងធ្វើឲ្យម៉ូតូ និងមនុស្សដួលរណូករណែលពេញផ្លូវតែម្ដង ។

ក្រោយមក សមត្ថកិច្ចនគរបាលបុ៉ស្តិ៍រដ្ឋបាលឃុំស្វាយតាយាន បានមកដល់ និងឃាត់ខ្លួនអ្នកបើករថយន្តទៅសាកសួរ និងយកជនរងគ្រោះមកមន្ទីរពេទ្យ រីឯម៉ូតូ២គ្រឿង និងរថយន្តសមត្ថកិច្ចវាស់វែងរួច និងយកមករក្សាទុកនៅបុ៉ស្តិ៍រដ្ឋបាលឃុំស្វាយតាយានដោះស្រាយតាមច្បាប់ ៕ យឹម សុថាន

ses-1 ses-2 ses-3 ses-4


ចែករំលែក៖