ភ្នំពេញ: សាលាឧទ្ធរណ៍សម្រេចបដិសេធសំណើសុំពន្យារពេលសវនាការរបស់សហមេធាវីការពារក្ដីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ។ ទោះបីយ៉ាងណា សវនាការ ដែលគ្រោងធ្វើនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ក៏ត្រូវលើកទៅខែកុម្ភៈ ដែរ ។
លោក ជូង ជូងី មេធាវីការពារក្ដីលោក ហុង សុខហួរ ថ្លែងប្រាប់តាមទូរស័ព្ទថា កាលពីថ្ងៃទី៤ ខែមករា ក្រុមសហមេធាវីបានដាក់ពាក្យសុំពន្យារពេលសវនាការ ដោយលើកហេតុផលចំនួនពីរចំណុច ទី១ ស្នើសុំឲ្យមានអ្នកជំនាញផ្នែកសន្ធិសញ្ញាចូលរួមក្នុងសវនាការ និង ទី២ ស្នើឲ្យសាលាឧទ្ធរណ៍ភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីស្វែងរកឯកសារមួយចំនួន ដោះបន្ទុកកូនក្តី ។
ដោយឡែក នាពេលសវនាការ លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ និយាយថា សំណើរបស់មេធាវីមិនសមហេតុផលនោះទេ ។ ប៉ុន្ដែដោយសាររឿងក្ដីនេះ ជាបទល្មើសឧក្រិដ្ឋ ទាមទារឲ្យមានវត្តមានមេធាវីដាច់ខាតនោះ សាលាឧទ្ធរណ៍សម្រេចលើកពេលសវនាការទៅអំឡុងខែកុម្ភៈ វិញ ។
លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ពាក់ព័ន្ធបទល្មើសក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។
លោក ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទសមគំនិតក្នុងបទល្មើសនេះ ៕ ចេស្តា