ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមេអាប៉ោងម្នាក់ ក្នុងចំណោម៦នាក់ដែលជាអ្នកកាងល្បែងហ្គេមបាញ់ត្រីនៅមុខពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេអាប៉ោង និងជាអ្នកកាងល្បែងស៊ីសងហ្គេមប៉ាញ់ត្រីនៅប្លុកមុខមន្ទីរពេទ្យលោកសង្ឃ រួមនឹងមនុស្ស៥ នាក់ផ្សេងទៀតដែលប្រើប្រាស់គ្រឿងញៀនត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខឃាត់ខ្លួន ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន ។

ការចុះបង្ក្រាបនឹងឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃភូមិបុរីកម្មក(អតីតភូមិត្រពាំងឈូក)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងចម្រុះជាច្រើននាក់ទៀត។

ជនសង្ស័យរូបនេះមាន ឈ្មោះ ម៉ាប់ ធី ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរមេអាប៉ោង និងជាអ្នកកាងល្បែងស៊ីសងហ្គេមបាញ់ត្រីនៅមុខមន្ទីរពេទ្យលោកសង្ឃ ស្នាក់នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ចំណែកជនសង្ស័យទាំង៥នាក់ទៀត ទី១មាន ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ទី២ឈ្មោះ ម៉ៅ សុផាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងដែក ទី៣ឈ្មោះ ខ្នា គឹមហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មក ទី៤ឈ្មោះ គុយ ស៊ីថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកសំណង់ទី៥ឈ្មោះ មិត្ត យុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់មុខមន្ទីរពេទ្យលោកសង្ឃបានអោយដឹងថា បុរសឈ្មោះ ម៉ាប់ ធី នេះ គឺជាមនុស្សដែលតែងតែដើរបាញ់អាប៉ោង និងកាងល្បែងហ្គេមបាញ់ត្រីទាំអស់នៅក្នុងប្លុកភូមិត្រពាំងឈូកនេះ ដែលកន្លងមក គ្មានសមត្ថកិច្ចណាហ៊ានចាប់រូបគេទេ ហើយប្រជាពលរដ្ឋដែលរស់នៅទីនោះ មានការសប្បាយចិត្តយ៉ាងខ្លាំង ដែលសមត្ថកិច្ចឃាត់ខ្លួនមេកាងល្បែងស៊ីសងរូបនេះ ហើយពួកគាត់សំណូមពរដល់មន្ត្រីតុលាការ ដែលអនុវត្តច្បាប់ត្រូវតែដាក់ទោសជននេះទៅតាមច្បាប់ដែលបានកំណត់ផង ។

ជាលទ្ធផលសមត្ថកិច្ចបានដកហូតប្រាក់មួយចំនួនធំ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ហើយបច្ចុប្បន្នជនសង្ស័យទាំង៦នាក់នេះ កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ និងកំពុងកសាងសំណុំរឿងបញ្ជួនទៅតុលាករចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា

unnamed


ចែករំលែក៖