ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១០នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវតុលាការសម្រេចឃុំខ្លួនទាំងអស់

ចែករំលែក៖

ខេត្កកណ្ដាល:មនុស្សប្រុសស្រី១០នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារទាំងអស់ ពោលគឺគ្មានការលើកលែងម្នាក់ឡើយ ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេល៦ ចាប់ខែមករា ឆ្នាំ២០១៧ ។ គ្រាន់តែយុទ្ធនាការនេះ ចាប់ផ្ដើមភ្លាម មជ្ឈដ្ឋានមួយចំនួន សង្កេតឃើញថា មនុស្សពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ។

មន្ត្រីតុលាការ បញ្ជាក់ថា មនុស្សទាំង១០នាក់នេះ ត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

គួររំលឹកថា មនុស្សទាំង១០នាក់នេះ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន រួមមាន ក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀនមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និងតូច១កញ្ចប់ សម្ភារ:សម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដាវស៊ាំម៉ូរ៉ៃ ចំនួន២ដើម កាំភ្លើងកែច្នៃចំនួន២ដើម (កាំភ្លើងខ្យល់),លុយដុល្លារចំនួន ២ដុល្លារ, លុយបាតចំនួន ៧០បាត,ទូរសព្ទ ម៉ាក អិនចុចពិលចំនួន៣គ្រឿង, កង់តួស្រីពណ៌ផ្កាឈូក ចំនួន១គ្រឿង៕ ចេស្តា

neat


ចែករំលែក៖