ភ្នំពេញ: ស្ត្រីជនជាតិថៃម្នាក់ ត្រូវបានលោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យ៦០លានរៀល ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត៣គីឡូក្រាម ។
លោកចៅក្រម ហេង កេសរោ ធ្លាប់បញ្ជាក់ថា ស្ត្រីជាប់ចោទឈ្មោះ KAEWKANLAYA AMPHAWAN អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ១៤២ តំបន់នងចាន់ខាវ ខេត្តនគររាជសីម៉ា ប្រទេសថៃ ។
នាពេលសវនាការស្ត្រីថៃ បាននិយាយថា កាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៦ សង្សាររបស់នាងបានឲ្យរូបនាងធ្វើដំណើរទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់ ដើម្បីជួបបងប្រុសរបស់សង្សារទទួលយករបស់បញ្ញើ ។ ពេលទៅដល់ឌូបៃក៏ជួបនឹងបងប្រុសរបស់សង្សារយកកំប៉ុងដាក់ស្ករគ្រាប់សូកូឡាចំនួន១៥កំប៉ុង មកឲ្យនាងយកទៅប្រគល់ជូនប្អូនប្រុសគាត់នៅប្រទេសថៃ។ ប៉ុន្តែពេលជិះយន្តហោះក៏ធ្វើដំណើរទៅប្រទេសបារ៉ែនស្នាក់នៅ៣ថ្ងៃ ។ លុះដល់ថ្ងៃកំណត់ យន្តហោះមកក្រុងឌូបៃវិញ ហើយដូរជើងយន្តហោះធ្វើដំណើរទៅប្រទេសកាតា និងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០១៦ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង ។
ជនជាប់ចោទបានសារភាពទៀតថារាល់ពេលដូរជើងយន្តហោះម្តងៗ នាងបានទាក់ទងទៅសង្សាររបស់នាង ហើយសង្សារនាងបានឲ្យមកចុះនៅកម្ពុជា ហើយគាត់ក៏ធ្វើដំណើរមកកម្ពុជាដែរ តែសមត្ថកិច្ចបានចាប់ខ្លូននាងមុនពេលសង្សារនាងមកដល់ ។
របាយការណ៍របស់សមត្ថកិច្ចព្រលានយន្តហោះបានបញ្ជាក់ថា ថ្នាំញៀនដែលរឹបអូសពីស្ត្រីជនជាតិថៃរូបនេះមានទម្ងន់២៥៩៤,៥៦ក្រាម ជាប្រភេទថ្នាំញៀនកាកូអុីន ដាក់នៅក្នុងកំប៉ុងស្ករសូកូឡាចំនួន១៥កំប៉ុង ៕ ចេស្តា