ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋវាយកម្ទេចរថយន្តCRV និងម្ចាស់ ខណៈបើកបង្កគ្រោះថ្នាក់ មិនទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តបង្កម៉ាកCRVមួយគ្រឿង ទៅបុកម៉ូតូMSXពីក្រោយ បណ្ដាលឲ្យខូចខាត និងយុវជន៣នាក់រងរបួសបន្តិចបន្តួច តែរថយន្តបង្កបានបើករត់ទាំងម៉ូតូនៅពីក្រោម ធ្វើឲ្យប្រជាពលរដ្ឋឃើញដូច្នេះនាំគ្នាដេញតាម ហើយខឹងវាយទាំងម្ចាស់ និងរថយន្តបង្កឡើងខ្ទេចស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ កើតឡើងនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ហើយរថយន្តបង្កបានបន្តបើករត់ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាន់តែខ្លាំងដល់ស្ថានីយប្រេងសូគីមុិច ជាប់ផ្លូវជាតិលេខ២កែង និងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមសម្ដីយុវជន៣នាក់ ដែលជាជនរងគ្រោះបានរៀបរាបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់បានចេញពីធ្វើការនៅម្ដុំវិមានឯករាជ្យ ដោយជិះម៉ូតូម៉ាក MSX ឌុបគ្នាតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបង្កម៉ាក CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X.6958 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើងជោក បើកមកបុកម៉ូតូចំពីក្រោយបណ្ដាលឲ្យដួល និងរងរបួសស្រាលហើយខូចខាតបន្តិចបន្តួច ។

ជនរងគ្រោះបានបន្តថា ក្រោយពីកើតហេតុរួច ម្ចាស់រថយន្តបង្កបានបន្តបើករត់ទាំងម៉ូតូនៅពីក្រោម តាំងពីផ្លូវម៉ៅសេទុង រហូតមកដល់ស្ថានីយ៍ប្រេងសូគីមុិច កែងផ្លូវជាតិលេខ២ ទើបប្រជាពលរដ្ឋដេញស្ទាក់ឃាត់ជាប់ និងបាននាំគ្នាយកដុំថ្មវាយបំបែកកញ្ចក់រថយន្តទាំងមុខ និងក្រោយបណ្ដាលឲ្យខ្ទេចស្ទើរទាំងស្រុង រួមទាំងវាយម្ចាស់រថយន្តបង្កឲ្យរងរបួសថែមទៀត តែសំណាងល្អ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ទាន់ពេលវេលា និងបាននាំម្ចាស់រថយន្តបង្កយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ មិនដូច្នេះទេ ម្ចាស់រថយន្តបង្ក ក៏ត្រូវប្រជាពលរដ្ឋវាយឲ្យរងរបួសធ្ងន់មិនខាន ដោយសារតែទង្វើបង្កគ្រោះថ្នាក់ហើយគេចវេះមិនព្រមទទួលខុសត្រូវ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុកុំឲ្យមានការកកស្ទះចរាចរណ៍ និងធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ

image1 img_8063 img_8074 img_8084 img_8100 unnamed


ចែករំលែក៖