ព័ត៌មានទាន់ហេតុការណ៍៖

យេយេស្រក់ទឹកភ្នែកពេលផ្លុំទៀនគ្មានវត្តមានម្តាយ

ចែករំលែក៖

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៥ ខែមករា តារាកំប្លែងភេទទីបី កញ្ញាយេយេ បានរៀបចំពិធីខួបកំណើតគម្រប់វ័យ២៤ឆ្នាំយ៉ាងធំដុំមួយក្រោមវត្តមានភ្ញៀវជាអ្នកសិល្បៈ និងមិនជិតដិតប្រមាណជិត៤០០នាក់នៅភោជនីយដ្ឋានវីហ្រ្វេនបឹងត្របែក។ ទោះមានភ្ញៀវច្រើនចូលរួមឲ្យពរជ័យ ក៏តារាមាឌធំរូបនេះបានលួចសម្រក់ទឹកភ្នែក ព្រោះតែខួបកំណើតឆ្នាំនេះមិនមានវត្តមានម្តាយនៅជិត។

ចូលប្រឡូកក្នុងអាជីពសិល្បៈចាប់តាំងពីឆ្នាំ២០០៤ កញ្ញាយេយេ ដែលមានឈ្មោះពិតថា ឃ្លោក មករា បានធ្វើឲ្យទស្សនិកជនជាច្រើនបន្តបន្ទាប់ចាប់អារម្មណ៍ ព្រោះតែសមត្ថភាពសម្តែងកំប្លែងដែលធ្វើឲ្យទស្សនិកជនសើចសប្បាយជានិច្ច។ នាងកំពុងតែមមាញឹកច្រើនជាមួយនឹងការងាសម្តែងតាមឆាកតន្ត្រី និងការងារជាពិធីករជាដើម។ នាងគឺជាតារាសម្តែងកំប្លែងប្រចាំទូរទស្សន៍មួយ និងនៅក្នុងក្លឹបកម្សាន្តមួយនារាជធានីភ្នំពេញ។ នាងបានធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចខ្លាំង គ្រាដែលនាងឡើងសម្តែងនៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍ រហូតនាងទទួលបានការងារជាច្រើនបន្តបន្ទាប់ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យតារាកំប្លែងមាឌធំរូបនេះ រំជួលចិត្តជាខ្លាំង គ្រាដែលនាងនិយាយអំពីការងារជោគសិល្បៈជោគជ័យ តែមិនមានមានវត្តមានម្តាយបានមើលឃើញ។

នាងលើកឡើងថា ពិធីខួបកំណើតនាងរៀបចំធំដុំ២ទៅ៣ឆ្នាំម្តង ប៉ុន្តែអ្វីដែលប្លែកសម្រាប់ឆ្នាំនេះ គឺមិនមានវត្តមានអ្នកម្តាយចូលរួមព្រោះតែម្តាយនាងបានស្លាប់បាត់បង់ជីវិតកាលពីបីឆ្នាំមុន។ នាងបញ្ជាក់ថា ឆ្នាំនេះនាងធ្វើធំជាងឆ្នាំរាល់ដង គ្រាដែលការងារសិល្បៈនាងរីកចម្រើនខ្លាំង ប៉ុន្តែនាងនៅតែស្តាយ និងមានអារម្មណ៍ថាឯកការគ្មានអ្នកនៅជិត ព្រោះតែម្តាយរបស់នាងមិនអាចនៅឈរអបនាងច្រៀងពន្លត់ភ្លើងទៀន។ នាងចាប់ផ្តើមអួលដើមកគ្រាដែលនិយាយថា នាងមិនទាន់បានតបស្នងសងគុណដល់អ្នកម្តាយឲ្យសាកសមទៅនឹងទំហំទឹកចិត្តអាណិតស្រលាញ់កូននិងមិនបានមើលឃើញពីភាពជោគជ័យមួយផ្នែកធំរបស់នាងក្នុងការងារសិល្បៈ។ នាងរំលឹកដែរថា ម្តាយនាងនៅតែឱបក្រសោប និងពោលពាក្យស្រលាញ់នាងបើទោះបីជាមានការមាក់ងាយពីមនុស្សជាច្រើនថានាងជាភេទទីបី។អ្វីដែលនាងចងចាំដែរនោះគឺសម្តីរបស់ម្តាយឲ្យប្រព្រឹត្តិខ្លួនឲ្យបានត្រឹមត្រូវគឺធ្វើការងារណា ដែលសង្គមទទួលស្គាល់និងឲ្យតម្លៃហើយពាក្យទូន្មាននេះបានធ្វើឲ្យនាងទទួលបានជោគជ័យក្នុងជីវិត។

បើទោះបីជាមិនទាន់បានបំពេញការតបស្នងរបស់នាងចំពោះម្តាយក្តី ក៏ឆ្នាំនេះនាងមានក្តីបំណងប្រាថ្នាសូមឲ្យការងាររីកចម្រើន ហើយអ្វីដែលនាងចង់បានធំបំផុតគឺចង់ឲ្យឪពុករបស់នាងមានសុខភាពល្អនឹងនៅជាម្លប់ដល់កូនៗ៕ វឌ្ឍនា

img_1761 img_1762


ចែករំលែក៖