ភ្នំពេញ៖ បុរសម្នាក់ត្រូវតុលាការធ្វើការចោទប្រកាន់បទល្មើស៤ក្នុងករណីផ្សេងគ្នា ហើយបានព្យាយាមគេចខ្លួន តែគេចមិនផុតពីសំណាញ់ច្បាប់ឡើយត្រូវកម្លាំងនគរបាលខណ្ឌមាន ជ័យចាប់ឃាត់ខ្លួនតាមដីការបស់តុលាការកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែនករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម១ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបាននិយាយថា ជនជាប់ចោទមានឈ្មោះ រឿង ធារ៉ា ភេទប្រុសហៅធា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០៤ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបន្តថា ជនជាប់ចោទខាងលើមានដីកាបង្គាប់ឲ្យនាំខ្លួនចំនួន៤ គឺ១/ ដីកាឲ្យចាប់ខ្លួនលេខ៧៧៣ដចន ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ចេញ ដោយលោក ជា សុខច័ន្ទដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហឹង្សាដែលបានប្រព្រឹត្តនៅចំណុចមុខហាងយីហោ ចូលហេង ផ្លូវលេខ៤៣០ ក្រុម១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ២/ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៦៤ដចន ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ចេញដោយលោក យ៉ិន សារឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨អា ផ្លូវលេខ២៧១ ក្រុម៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ៣/ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៥៣ដចន ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ចេញដោយលោក យ៉ិន សារឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោសដោយសា ការប្រព្រឹត្តអំពើហឹង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខភោ ជនីយដ្ឋានហ្គ្រេន ផ្លូវលេខ៤៣០ កែងផ្លូវលេខ៤៥២ ក្រុម២៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។ និងទី៤/ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤២២(ឃ)ដចន ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ចេញដោយលោក ឡុង កេសភីរម្យ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សាប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិគោកបន្ទាយ សង្កាត់ដង្កោ ខណ្ឌដង្កោកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥។
សមត្ថកិច្ចបន្តថា ជនជាប់ចោទកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំបញ្ជូនទៅកាន់តុលាការ៕ តាឡឹម