ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរ២នាក់រស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវតម្រួតថៃចាប់ឃាត់ខ្លួនចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ប្រទេសថៃ៖ ពលរដ្ឋខ្មែរ២នាក់ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងការពារព្រំដែនកម្ពុជា ប្រាប់ឱ្យដឹងថា រងការចាប់ឃាត់ខ្លួនពីតម្រួតថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោយពីពលរដ្ឋខ្មែរ២នាក់នោះ បានធ្វើដំណើរតាមច្រករបៀងតំបន់៥ ចូលក្នុងដីថៃដើម្បីលេងល្បែងជល់មាន់ នៅក្នុងព្រៃមួយកន្លែងស្ថិតនៅភូមិទ័ពសៀម ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំង២នាក់ត្រូវបានចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់ និងចូលលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់នៅក្នុងដីថៃ។ ពលរដ្ឋខ្មែរទាំង២នាក់នោះដែរ ត្រូវបានគេស្គាល់ឈ្មោះ ១,ឈឿន សេង ភេទប្រុស អាយុ៤៥ឆ្នាំ ២,អូន ដែង ភេទប្រុសអាយុ៣៣ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សេចក្តីរាយការណ៍ចុងក្រោយឱ្យដឹងទៀតថាពួកគេ ទាំង២នាក់នោះត្រូវបានតម្រួតថៃចាប់បញ្ជូនទៅកាន់ខេត្តស្រះកែវ យកទៅអនុវត្តទោសតាមច្បាប់របស់ប្រទេសថៃនោះហើយ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរ និងថៃ រស់នៅតាមបន្ទាត់ព្រំដែន កន្លងមកសមត្ថកិច្ចនៃប្រទេសទាំង២ តែងតែអនុគ្រោះហើយអនុញ្ញាតឱ្យឆ្លងដែនចេញចូលប្រកបមុខរបរ ជាធម្មតា នៅតាមខ្សែបន្ទាត់ព្រំដែន គ្មានលិខិតស្នាមអ្វីនោះឡើយ ។ បើតាមប្រាប់ឱ្យដឹងពីកងកម្លាំងការពារព្រំដែនកម្ពុជា ឈរជើង នៅឃុំអូរបីជាន់ឱ្យដឹងថា ពលរដ្ឋខ្មែរទាំង២នាក់ តែងតែចេញចូលដីថៃជាធម្មតា ពីព្រោះពួកគាត់មានពួកម៉ាកជាជនជាតិថៃ ហើយជនជាតិថៃ ក៏ធ្លាប់ចូលមកលេងដីខ្មែរ ជាធម្មតា គ្មានការចាប់ឃាត់ខ្លួនពីសមត្ថកិច្ចកម្ពុជានោះឡើយ។ ការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរ ទាំង២នាក់ខាងលើគួរណាស់តម្រួតថៃត្រូវយោគយល់ និងគ្រាន់តែអប់រំ ហើយដោះលែងពួកគាត់ត្រឡប់មកវិញ មិនត្រូវយកទៅអនុវត្តតាមច្បាប់នោះទេ។

យោងទៅលើការឆ្លងដែននៅក្បែរបន្ទាត់ព្រំដែនដែលពលរដ្ឋថៃក៏មានការឆ្លងដែនចូលដីខ្មែរគ្មានលិខិត ស្នាមនោះផងដែរ៕ សំ វិច្ឆិកា

6 1 2 3 4 5


ចែករំលែក៖