ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងផ្តល់កិត្តិយសអញ្ជើញជួបជុំជាមួយអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ១,០០០នាក់ នៅ សណ្ឋាគារសុខា រាជធានីភ្នំពេញ។
សមាសភាពអ្នកចូលរួមក្នុងកម្មវិធីជួបជុំល្ងាចនេះរួមមាន ឥស្សរជនជាអតីតអ្នកសារព័ត៌មាន, អ្នកកាសែតក្នុងស្រុកល្បីៗ, អ្នកអត្ថាធិប្បាយវិទ្យុ ទូរទស្សន៍, អ្នកថតរូប ថតវីដេអូ, និពន្ធនាយក ទស្សនាវដ្តី, អ្នកនាំពាក្យ តាមស្ថាប័ន ក្រសួង រាជធានីខេត្ត, ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រុង, និងអ្នកកាសែត Online ផងដែរ។
ជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មានល្ងាចនេះគឺចាត់ទុកជាថ្ងៃប្រវត្ថិសាស្រ្តមួយនៅក្នុងវិស័យសារព័ត៌មាន ដែលជាឱកាសឲ្យអ្នកសារព័ត៌មានបានជួបជុំជាមួយអ្នកសារព័ត៌ មានដូចគ្នាមកពីបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញបានជជែកពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ ការអញ្ជើញផ្តល់កិត្តិយសពី សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ល្ងាចនេះ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះអ្នកសារព័ត៌មានដើម្បីបង្កើនទំនាក់ទំនងល្អក្នុងការជួយជំរុញការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើន ៕