ព័ត៌មានទាន់ហេតុការណ៍៖

បង្កើតក្រុមសង្ឃក្លែងក្លាយធ្វើជាមុខរបរដើម្បីរៃអង្គាសប្រាក់នៅខេត្តបន្ទាយមានជ័យត្រូវបានអាវុធហត្ថឃាត់ខ្លួនជនសង្ស័យក្លែងព្រះសង្ឃ២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់ក្នុងចំណោមបក្ខពួក៥នាក់ ក្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើររៃអង្គាសប្រាក់ នៅផ្សារមង្គលបុរី ត្រូវបានកម្លាំងអាវុធហត្ថស្រុកមង្គបុរីចាប់ឃាត់ខ្លួននិងយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរី ដើម្បីអនុវត្តតាមនីតិវីធីច្បាប់។ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់ ខណៈកម្លាំងអាវុធហត្ថចុះទៅដេញចាប់ខ្លួនសង្ឃក្លែងក្លាយទាំងនោះ ក្រោយពីអាជីវករនៅផ្សារមង្គលបុរីរាយការណ៍ទៅកម្លាំងសមត្ថកិច្ចរួចហើយនោះ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ អាជីវករនៅផ្សារស្រុកមង្គលបុរីបានឃើញក្រុមព្រះសង្ឃចំនួន៥អង្គ ដើរចែកក្រដាសកម្មវិធីបុណ្យ អង្គាសប្រាក់ពីក្រុមអាជីវករដើម្បីកសាងវត្តនេះវត្តនោះ។បន្ទាប់មកក្រុមអាជីវករមានការសង្ស័យក៏រាយការណ៍ទៅសមត្ថកិច្ចអាវុធហត្ថស្រុកមង្គលបុរី ។កម្លាំងអាវុធហត្ថក៏ចុះទៅឃាត់ខ្លួនចំនួន២នាក់កំពុងក្រងស្បង់ជីវរ និងបក្ខពួក៣នាក់ទៀតគ្រាន់តែឃើញអាវុធហត្ថទៅដល់ នាំគ្នារត់គេចខ្លួនបាត់អស់។ជនទាំង២នាក់បន្ទាប់មកបញ្ជូនយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថនៅស្រុកមង្គលបុរី។ពួកគេក៏បានឆ្លើយសារភាពថា ខ្លួនត្រូវបានគេជួលដឹកតាមរថយន្តពីក្រុងប៉ោយប៉ែតមកដាក់ដើររៃអង្គាសប្រាក់នៅផ្សារស្រុកមង្គលបុរី។នៅពេលរៃអង្គាសប្រាក់បានយកទៅបែកចែកគ្នា។ការសម្រេចចិត្តធ្វើសកម្មភាពបែបនោះដោយសារឳពុកម្តាយមានជីវភាពក្រីក្រមិនដឹងធ្វើកិច្ចការងារអ្វី ក៏មាន មេខ្យល់លួងលោមនាំមកធ្វើជាសង្ឃក្លែងក្លាយ ដើម្បីដើររៃអង្គាសប្រាក់ ហើយបានប្រាក់ពីការរៃអង្គាសយកផ្គត់ផ្គង់ជីវភាពឳពុកម្តាយនៅស្រុក។ពួកគេមានគ្នា៥នាក់ក្លែងជាព្រះសង្ឃមកធ្វើសកម្មភាពដើររៃអង្គាសប្រាក់នៅខេត្តបន្ទាយមានជ័យចំនួន២លើកមកហើយ ដោយប្រមូលបានប្រាក់ជាង១០ម៉ឺនរៀល។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា បុរសក្លែងជាព្រះសង្ឃ២នាក់មានឈ្មោះ១,សម្បត្តិហេង ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ២,សម្បត្តិ បោន ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ អ្នកទាំង២នាក់ ជាបងប្អូនបង្កើតនិងគ្នា បច្ចុប្បន្នរស់នៅភូមិត្រពាំងស្វាង ឃុំលាងដៃ ស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនទាំង២នាក់នោះដែរក្រោយមកត្រូវបានព្រះអនុគណខេត្តបន្ទាយមានជ័យ នាំមកដោះស្បង់ជីវរចេញ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំពួកគេ កោះហៅឳពុកម្តាយមកទទួលយកទៅផ្ទះវិញ បញ្ឆប់សកម្មភាពបង្កឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាបែបនោះទៀត៕ សំ វិច្ឆិកា

1484799606466 1484799671613


ចែករំលែក៖