ភ្នំពេញ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាឈ្មួញរកស៊ីទិញដីពុះឡូតិ៍ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ខែមករា ដើម្បីសាកសួរពីដំណើររឿងចេញសែកអត់លុយជិត៥០ម៉ឺនដុល្លារអាមេរិក ។ ស្ត្រីរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ច និយាយថា ជនសង្ស័យឈ្មោះ គួន សារ៉េត អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ៧ ផ្លូវលេខ៥៣ ក្នុងភូមិ៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រងការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ឬ ចេញសែកអត់លុយ ដែលប្រព្រឹត្តកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
ប្រភពព័ត៌មាន បញ្ជាក់ថា ឈ្មោះ គួន សារ៉េត បានទិញដីស្រែរបស់ប្ដីប្រពន្ធឈ្មោះ រស់ ផូ ភេទប្រុស អាយុ៧០ឆ្នាំ និងឈ្មោះ ម៉ក់ តារ៉ា ភេទស្រី ទំហំ៥០៥០ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ក្នុងតម្លៃ ៩៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សរុបចំនួន៤៧៩៧៥០ដុល្លារអាមេរិក។
បន្ទាប់ពីបានទិញដីរួច ឈ្មោះ គួន ណារ៉េត បានបង់ប្រាក់ថ្លៃដីមុនត្រឹមតែ ២០៥.០០០ដុល្លារប៉ុណ្ណោះ នៅសល់ ២៧៤.៧៥០ដុល្លារទៀត ឈ្មោះ គួន ណារ៉េត បានចេញសែកមួយសន្លឹក ប៉ុន្ដែគ្មានសាច់ប្រាក់នោះឡើយ។ បន្ទាប់មកឈ្មោះ គួន សារ៉េត ចេះតែគេចវេសមិនព្រមសង់ប្រាក់ ឲ្យម្ចាស់ដីគ្រប់ចំនួនឡើយ ទើបម្ចាស់ដីប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ ចេស្តា