ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ជួបប្រធានាធិបតីស្វ៊ីស

ចែករំលែក៖

ប្រទេសស្វុីស៖ នៅរសៀលម៉ោង៤:៣០នាទី ថ្ងៃទី១៩ មករា ឆ្នាំ ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតីនៃសហព័ន្ធស្វ៊ីស។ ទំនាក់ទំនងកម្ពុជាស្វីសគឺមានរយៈពេល៤០ឆ្នាំមកហើយ ពេលនេះគឺកាន់តែជិតស្និទ្ឋជាងមុន។ លោកស្រីប្រធានាធិបតីស្វីសរីករាយស្វាគមន៍ សម្តេចតេជោ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា។ លោកស្រីទទួលស្គាល់អំពីការប្រឹងប្រែងរបស់ សម្តេចតេជោដែលបានចេញជាលទ្ឋផល ផ្លែផ្កាល្អមកទល់សព្វថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី អរគុណរដ្ឋាភិបាលស្វីសដែលបានជួយ និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការកាត់ក្តីខ្មែរក្រហម។ សម្តេចតេជោ បានស្នើអោយពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលសព្វថ្ងៃមានប្រមាណជាង៣០លានដុល្លា អោយមានទំហំធំឡើង។ ក្រុម ការងារនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នា ជាពិសេសលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេស (FTA) នៃប្រទេសទាំងពីរ និងខិតខំជំរុញអោយវិស័យឯកជនចូលរួមអោយបានច្រើនឡើង ដូចជាការនាំផលិតផលស្វីស ដែលមានគុណភាពចូលកម្ពុជា និងនាំផលិតផលកម្ពុជាដូចជាអង្ករចេញមកប្រទេសស្វី។ ទីផ្សារកម្ពុជាមិនមែន តែ១៥ លាននាក់ទេ គឺសម្រាប់ទីផ្សារអាស៊ានដែលមានចំនួនប្រជាពលរដ្ឋប្រមាណ ៦០០ លាននាក់។ សព្វថ្ងៃ នេះកម្ពុជាមានទីផ្សារដូចជានៅអឺរ៉ុប អាមេរិក ចិន កូរ៉េខាងត្បូង ។ល។ ដែលសរុបជាទឹកប្រាក់ប្រមាណ ១២ពាន់ លានដុល្លា។

សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ និងអរគុណដល់ លោកវេជ្ជបណ្ឌិត Richner ដែលបានចូលរួមយ៉ាង សកម្មក្នុងការលើកកំពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្រោមការគាំទ្រពីលោកស្រីប្រធានាធិបតី។ នេះជាទឹកចិត្តនៃបេះដូងរបស់ប្រជាពលរដ្ឋស្វីសចំពោះប្រជាពលរដ្ឋកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកាត់ថវិកា ចំនួន $2 ក្នុងមួយសំបុត្រចូលទស្សនាអង្គរវត្តជួយឧបត្ថម្ភបន្ថែមដល់មន្ទីរពេទ្យគន្ឋបុប្ផា។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអបអរសាទរប្រទេសស្វីសជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner)។ សម្តេចតេជោ ក៏បានសំណូមពរអោយស្វីសបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាជាបន្តទៀត។

លោកស្រីប្រធានាធិបតីស្វីស បានអរគុណ សម្តេចតេជោ ដែលបានទទួលស្គល់ គាំទ្រ និងជួយជាថវិកាដល់លោក Richner ដែលកំពុងជួយនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផាសព្វថ្ងៃ។ ចំពោះមន្ទីរពេទ្យគន្ឋបុប្ផាគឺរដ្ឋាភិបាលស្វីស បានជួយប្រមាណ៤លានដុល្លារជារៀងរាល់ឆ្នាំ និង២លានដុល្លាជួយមន្ទីរពេទ្យគាំពារស្រ្តីមាតាបិតា។ លោកស្រី នឹង ជំរុញទេសចរណ៍ស្វីសអោយទៅទស្សនាកម្ពុជាអោយបានច្រើនឡើងថែមទៀត។ ប្រទេសស្វីសនឹងបន្តជួយ ក្នុងការពង្រឹងសន្តិសុខស្បៀងដល់កសិករ ដោយជំរុញអោយកសិករខ្មែរដាំដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ។ ទន្ទឹមនឹងនោះដែរ គឺ គឺរដ្ឋាភិបាលស្វីសនឹងបន្តជួយពង្រឹងសមត្ថភាពតួនាទីរបស់សភាកម្ពុជាតាមការស្នើសុំ។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីថ្ងៃនេះ ក្នុងនាមព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ លោក ស្រីប្រធានាធិបតីស្វីសមកទស្សនៈកិច្ចកម្ពុជា នៅពេលវេលាដ៏សមរម្យមួយ និងស្នើអោយលោកស្រីជួយជំរុញ អ្នកវិនិយោគទុនស្វីសមកចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជា នៅ ខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។ កិច្ចពិភាក្សាថ្ងៃនេះរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកស្រី ប្រធានាធិបតីស្វីសគឺបានពង្រឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរទ្វេឡើង ដែលនាំមកនូវផល ប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕ ប្រភពហ្វេសប៊ុកសម្តេចតេជោ

1 2 3

 


ចែករំលែក៖