ប៉ោយប៉ែត៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ ចំណែករបុសម្នាក់ទៀតរបួសធ្ងន់ដេកពេទ្យដេរ៧ថ្នេរ គេសង្ស័យរឿងដណ្ដើមស្រីស្នេហ៍ ។ ហេតុការណ៍ដែលសមត្ថកិច្ចចាប់ខ្លួននេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមករា ២០១៧ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថាៈជនបង្ករមានឈ្មោះ យូ ណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិផ្សារ សង្កាត់កណ្ដាល ចំណែកជនរងគ្រោះមានឈ្មោះ ម៉ាក ភារម្យ អាយុ១៨ឆ្នាំ រងរបួសធ្ងន់ ត្រង់ក្បាលដេរ៧ថ្នេរ រស់នៅក្នុងភូមិក្បាលស្ពាន់២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូជួបគ្នានៅផ្កាយប្រាំ រួចហើយបែកគ្នា ក្រោយមកទៀត ជនសង្ស័យបានជិះម៉ូតូមកតាមជនរងគ្រោះដល់ផ្លូវដើមពុទ្រា ត្រង់ចំណុចកើតហេតុ ពេលនោះអ្នកធ្វើដំណើរច្រើនកំពុងតែកកស្ទះ ជនដៃដល់មកឃើញជនរងគ្រោះ ក៏ទាញកាំបិតពីចង្កេះកាប់ទៅលើ ជនរងគ្រោះ រងរបួសធ្ងន់ចំក្បាលដេរ៧ថ្នេរ លុះព្រឹកឡើងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់បានជនដៃដល់តែម្ដង។
លោកបន្តថា ជនដៃដល់ពេលសួរនាំ គេមិនឆ្លើយតបនឹងសមត្ថកិច្ចទេ ទោះយ៉ាងណា ក្រោយពីសាក្សីបំភ្លឺ និងភស្តុតាងគ្រប់គ្រាន់ ជនដៃដល់កំពុងតែកសាងសំណុំរឿងបញ្ជូនទៅ ស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនរងគ្រោះ ត្រូវបានសាច់ញាតិសហការជាមួយសមត្ថកិច្ចដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕ វណ្ណា